បណ្តាញសង្គម

សម្តេច អគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ប្រគេនទានវស្សា និងទេយ្យវត្ថុ ដល់វត្តចំនូន៥៨ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥នេះ សម្តេច អគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង លោកជំទាវ អមដំណើរដោយ គណៈប្រតិភូរដ្ឋសភា ព្រមទាំង ឯកឧត្តម អភិបាល អភិបាលរងខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយក ទៀនវស្សា និង ទេយ្យទាន ប្រគេនព្រះសង្ឃ ដើម្បីគង់ចាំ ព្រះវស្សា អស់កាលត្រីមាស ចំនួន ៥៨វត្ត នៅឧប្បដ្ឋានសាលា ក្នុង បរិវេណវត្ត សុវណ្ណារាម ហៅវត្ត ថ្កូវ ស្ថិតនៅក្នុង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ ឲ្យដឹងថា៖ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ហើយទីអាម គឺជាកន្លែង ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទូទៅ ធ្វើការអប់រំ ទាំងផ្លូវកាយ និងផ្លូវចិត្ត ឲ្យចេះធ្វើអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិយើង ឲ្យបានគង់វង្ស យូរអង្វែង ដោយឡែក នៅក្នុងអំឡុងពេល ពិធីបុណ្យចូលព្រះវស្សា ដែលមានរយៈពេល ៣ខែ ទៀនវស្សា និង ទេយ្យទាន ដែលត្រូវនាំយកមកប្រគេន ដល់វត្តចំនួន៥៨ នាពេលនេះ  ក្នុងខេត្តត្បូងឃ្មុំ ។

បន្ទាប់មក សម្តេច អគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា៖ ដើម្បីគោរពតាម ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ពិធីបុណ្យ ចូលព្រះវស្សា មានរយៈពេល ៣ខែ ដោយចាប់ផ្តើម ពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិតនោះ ក្នុងអំឡុងពេល ពិធីបុណ្យ ចូលព្រះវស្សានេះ តាមព្រះវិន័យ បានកំណត់ថា ព្រះសង្ឃមិនអាច និមន្តចេញទៅ បិណ្ឌបាត្រ នៅខាងក្រៅ បានឡើយ ដោយគង់នៅ ចាំព្រះវស្សា ក្នុងទីអារាមរហូត ។

សម្តេច មានប្រសាសន៍បន្តទៀតថា៖ ការប្រគេន ទៀនព្រះវស្សា និងទេយ្យវត្ថុ ជូនវត្តទាំង៥៨ នៅក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ គឺជាការ ចូលរួមចំណែក ក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ព្រោះផ្នែកពុទ្ធចក្រ និងអាណាចក្រ តែងតែផ្សារភ្ជាប់គ្នា ដែលមិនអាច កាត់ផ្តាច់បាន តាំងពីដូនតាយើង រហូតដល់បច្ចុប្បន្ន ដែលការប្រគេន ទៀនព្រះវស្សា គឺយើងទាំងអស់គ្នា តែងតែនាំគ្នា ធ្វើជារៀងរាល់ឆ្នាំ ដែលស្របទៅតាម ជំនឿប្រពៃណី របស់ប្រជាជនខ្មែរ ជាអ្នកកាន់ ព្រះពុទ្ធសាសនា តាំងពីដើម រៀងមក ។

បន្ទាប់ពីព្រះសង្ឃ សម្តែងធម៍ទេសនា បង្សុកូលរួចមក សម្តេច អគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ នៃខេត្តត្បូងឃ្មុំ បាននាំយក ទៀនវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ចំនួន៥៨វត្ត ក្នុងខេត្តត្បូងឃ្មុំ ដោយក្នុងវត្ត នីមួយៗ ទទួលបាន ៖ ទៀនវស្សា ចំនួន១គូ ស្លាដក់១ ថិការ១០ម៉ឺនរៀល មី២កេស អង្ករ៥០គីឡូក្រាម ត្រីខ១យួរ ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស ទឹកដោះគោ១៤កំប៉ុង ស្ករស៥គីឡូក្រាម តែ២កញ្ចប់ធំ ធូប១ដុំ ទៀន១កញ្ចប់ និងបច្ច័យកសាងចំនួន ៥០ម៉ឺនរៀល ព្រមទាំង យាយជីតាជី ចំនួន៣០០នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រណាត់ស១ដុំ និងថវិការ ១ម៉ឺនរៀល ៕

 















ដោយ៖ វ៉ាន់ វីរៈ