បណ្តាញសង្គម

លោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូង ចែកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដែលជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំង លោក លោកស្រី អនុសាខាកាកបាទក្រហម ព្រមទាំងអាជ្ញាធរ ស្រុកមេមត់ និងស្រុកតំបែរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសាខា ទៅចែកជូនប្រជាពលរដ្ឋ ចំនួន៩គ្រួសារ ដែលទទួលរងគ្រោះ ដោយរលំ និងរបើកដំបូលផ្ទះ ដោយសារខ្យល់កន្រ្តាក់ កាលពីពេល កន្លងទៅថ្មីៗ នៅស្រុកមេមត់ និងស្រុកតំបែរ ។

លោកស្រី អ៊ឹម សុខឃាង ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហម ស្រុកមេមត់ និង លោក នាដ្ឋ រ៉ាវុធ អភិបាលស្រុកតំបែរ បានឲ្យដឹងថា៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅស្រុកចំនួន២គឺ ស្រុកមេមត់ និងស្រុកតំបែរ បានទទួលរងភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ ដែលបោកបក់មកលើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតផ្ទះសម្បែង ចំនួន៩ខ្នង បណ្តាលឲ្យរលំផ្ទះទាំងស្រុង ចំនួន៤ខ្នង នៅភូមិស្រែប្រាំងចំនួន២ខ្នង និងភូមិឆ្លូង២ចំនួន២ខ្នង របើកជញ្ជាំង និងតំបូលផ្ទះ ចំនួន៥ខ្នង នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ។

ជាមួយនឹងការ ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និង សួរសុខទុក្ខ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសាខាកាកបាទក្រហមម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ លោក វេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងថា៖ គ្រោះធម្មជាតិ ពុំមែនតែកើតមានឡើង នៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺបានកើតមាននៅតាម បណ្តាប្រទេសផ្សេងៗទៀត នៅលើពិភពលោក ដោយឡែក កាលពីថ្ងៃទី១៦ កន្លងទៅ ខេត្តត្បូងឃ្មុំ បានទទួលរងគ្រោះដោយ ខ្យល់កន្រ្តាក់លាយឡំ ជាមួយទឹកភ្លៀង ដែលបានបង្កឲ្យរងផលប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋ នៅស្រុកចំនួន២គឺ ស្រុកមេមត់ និងស្រុកតំបែរ ។

លោកវេជ្ជៈបណ្ឌិត អនុប្រធានប្រចាំការ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវ ការសោកស្តាយជាខ្លាំង ចំពោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះទាំងអស់ នឹងសូមចូលរួមចំណែក នូវទុក្ខលំបាកនេះ និងសង្ឃឹមជឿជាក់ថា បងប្អូននឹងរៀបចំ ជួសជុលផ្ទះសម្បែង អោយប្រសើរឡើងវិញ ។

លោកវេជ្ជៈបណ្ឌិត បានរំលឹកផងដែរថា៖ កាកបាទក្រហមមិនមែនជា កាកបាទក្រហម បំរើឲ្យបុគ្គលមួយណាឡើយ ពោលគឺ ជាកាកបាទក្រហម សំរាប់ជួយដល់បងប្អូន ដែលរងគ្រោះ មិនប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ហើយបើទោះបីជា អំណោយដែលបានផ្ដល់ជូន នាពេលនេះ ពុំបានឆ្លើយតបទៅនឹ ងតម្រូវការសម្រាប់ ជីវភាពបានយូរអង្វែងក៍ដោយ ប៉ុន្តែក៏បានជួយសម្រាល ទុក្ខលំបាកខ្វះខាត របស់បងប្អូន បានមួយគ្រាផងដែរ ។

ចប់ប្រសាសន៍ សំណេះសំណាល នាពេលនោះ គណៈអធិបតី ក៏បានចែកអំណោយ កាកបាទក្រហម ដែលនាំទៅចែកជូន ប្រជាពលរដ្ឋ ដែលរងគ្រោះរួមមាន៖ គ្រួសាររលំផ្ទះទាំងស្រុង ចំនួន៤គ្រួសារ មួយគ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១ឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម ទឹកសុទ្ធ១កេស មី១កេស និងឃីតមួយកញ្ចប់មាន មុង១ ភួយ១ កន្ទេល១ ក្រម៉ា១ សារុង១ ម្សៅសាប៊ូ១គីឡូក្រាម ព្រមទាំងសំភារៈប្រើប្រាស់ មួយចំនួនមានៈ ឆ្នាំងបាយ១ ធុងដាក់ទឹក១ ប៉ាតង់១ ព្រមទាំងថវិការ ចំនួន១០ម៉ឺនរៀល ចំនែកគ្រូសារ របើកជញ្ជាំង និងតំបូលផ្ទះ ចំនួន៥គ្រួសារ មួយគ្រួសារៗ ទទួលបានទឹកសុទ្ធ ចំនួន១កេស ថវិការចំនួន១០ម៉ឺនរៀល ផងដែរ ៕

វ៉ាន់ វីរៈ