បណ្តាញសង្គម

លោក ប្រាជ្ញ ចន្ទ នាំយកស្បៀងអាហារ ជូននគរបាលការពារព្រំដែន លេខ ៦១៧, ៦១៥

(ត្បូងឃ្មុំ)៖  អភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្តម  ប្រាជ្ញ ចន្ទ នៅព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៥នេះ  បានអញ្ជើញ ចុះសួរសុខទុក និងនាំយកស្បៀង អាហារមួយ ចំនួនធំ ទៅចែកជូន កងកម្លាំងនគរបាល ដែលកំពុង ឈរជើង ការពារព្រំដែន លេខ៦១៧ និង៦១៥ ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការ វាយតម្លៃខ្ពស់ ចំពោះភាពអង់ អាចក្លាហាន និងការពលីកម្លាំង កាយចិត្តរបស់ កងកម្លាំងនគរបាល របស់កម្ពុជា ដើម្បីបូរណភាពទឹកដី និងការពារ នូវបទល្មើសនានា នៅតាមបន្ទាត់ព្រំដែន នាំមកនូវ ភាពសុខក្សេមក្សាន្ត ជូនពលរដ្ឋខ្មែរ ។

ឯកឧត្តម  ប្រាជ្ញ ចន្ទ បានបន្តថា រាជរដ្ឋា ភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានយកចិត្តទុកដាក់ ខ្ពស់ទៅលើ សុខទុក្ខរបស់កងកម្លាំង ប្រដាប់អាវុធ ដែលធ្វើការដើម្បី បុព្វហេតុសេចក្តីសុខ របស់ប្រជាពលរដ្ឋខ្មែរ ។

ឯកឧត្តម  អភិបាលខេត្ត គូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំរាជរដ្ឋា ភិបាលកម្ពុជា តែងបានណែនាំជាប់ជានិច្ច ឲ្យថ្នាក់ដឹកនាំ តាមបណ្តាខេត្ត និងក្រសួង ពាក់ព័ន្ធនានា គិតគូរ និងយកចិត្តទុកដាក់ ទៅលើកងកម្លាំងប្រដាប់អាវុធឈរជើង តាមព្រំដែន ។ ជាក់ស្តែងថ្ងៃនេះ រូបលោក បានចុះជួបដោយផ្ទាល់ ជាមួយកម្លាំងនគរបាល ការពារព្រំដែន ដើម្បីនាំ ស្បៀងមកចែកជូន និងបានស្វែងយល់ពី សុខទុក្ខផងដែរ ។

សូមបញ្ជាក់ថា ស្បៀងអាហារ ដែលលោក ប្រាជ្ញ ចន្ទ នាំចែកជូនកងកម្លាំង នគរបាលការពារ ព្រំដែនលេខ ៦២៧ និង ៦១៥ រួមមាន៖ មី ១០កេសធំ, ត្រីខ ១០ កេសធំ, សាច់ជ្រូក ១៥០គីឡូក្រាម, ប៊ីចេង ១កេះធំ, ខ្ទឹមស ៣០គីឡូក្រាម, ប្រេងឆា ៥០លីត្រ, ទឹកត្រី ១០យួរ , បន្លែ ១៥០គីឡូក្រាម, នុំអន្សមជ្រូក ១៥០នុំ ។ 

ឯកឧត្តម  ប្រាជ្ញ ចន្ទ ក៏បានផ្តល់ថវិកា ជូនកម្លាំងនគរបាល ការពារព្រំដែនទាំងពីរ អង្គភាព ក្នុងម្នាក់ៗ  ៥ម៉ឺនរៀល ៕