បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បានប្រារព្ធខួបលើកទី១៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ២០១៥ ក្រោមប្រធានបទ (សមាគមមនុស្សចាស់បង្កើតសាមគ្គី ដើម្បីអភិវឌ្ឍន៍សមាគមន៍ និងសង្គមជាតិ)

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ នៅសាលាប្រជុំ មន្ទីរសុខាភិបាលខេត្ត បានរៀបចំ ប្រារព្ធខួបលើកទី ១៧ នៃទិវាមនុស្ស ចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ០១ តុលា នៅឆ្នាំនេះ

ត្រូវបានប្រារព្ធ ធ្វើឡើង ក្រោមប្រធានបទ « សមាគមមនុស្សចាស់ បង្កើនការសាមគ្គី ដើម្បីអភិវឌ្ឍន៍ សហគមន៍ និងសង្គមជាតិ » ក្រោមអធិបតីភាព លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត លោកយាយ លោកតា និង សមាជិក សមាជិកា សមាគមមនុស្សចាស់ ជាច្រើនរូបទៀត។

លោក យី ផារី អនុប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ធ្វើរបាយការណ៍ ស្ដីពីការរៀបចំ បង្កើតសមាគមមនុស្សចាស់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងអានសារាចរ លេខ ០៦ ស.រ របស់រាជរដ្ឋា ភិបាលកម្ពុជា ស្ដីពីការរៀបចំ ខួបលើកទី១៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ០១ តុលា ឆ្នាំ២០១៥ រួចមក  លោក អ៊ុន លំអង បានឡើងអានសារ លិខិតរបស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ ការប្រារព្ធទិវា មនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ០១ តុលា ឆ្នាំ២០១៥នេះថា ការប្រារព្ធទិវា មនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ០១ តុលា គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើក កម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយ សុខុមាល ភាពរបស់មនុស្សចាស់ ឲ្យបានល្អប្រសើរ និងបង្ហាញ ឲ្យឃើញពីតួនាទី ដ៏សំខាន់របស់ មនុស្សចាស់ ក្នុងសង្គមជាតិ ។

មនុស្សចាស់ ជាបុព្វការីជន ដែលបានបង្កើតធនធាន មានសារៈប្រយោជន៍ ព្រមទាំងផ្តល់ នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងបទពិសោធន៍ យ៉ាងច្រើនឥតគណនា សម្រាប់ មនុស្សជំនាន់ ក្រោយៗទៀត ។ លោក បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទិវា មនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ០១ តុលា ជាទិវាបុណ្យ រំលឹកដល់គុណូប ការៈរបស់មនុស្សចាស់ ដែលបានកសាង បន្សល់ទុកនូវកេរម រតកដ៏ថ្លៃថ្លា សម្រាប់កូនចៅ ជំនាន់នេះ និងជំនាន់ក្រោយ មួយទៀត ។ ជាការពិតណាស់ មនុស្សចាស់ មានតួនាទី សំខាន់ក្នុងការ កសាងគ្រួសារ សហគមន៍ ការអប់រំមនុស្ស ជំនាន់ក្រោយ អំពីទំនៀមទម្លាប់ ប្រពៃណី សាសនា និងការភិវឌ្ឍន៍ » ។ 

លោក អ៊ុន លំអង បន្តទៀតថា ដើម្បីជំរុញដល់ ការងារគណៈកម្មាធិការ ជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសមាគម មនុស្សចាស់ ឲ្យកាន់តែមាន សកម្មភាពខ្លាំងក្លា និងរីកចម្រើនថែមទៀត លោក  ក៏បានផ្តល់នូវ អនុសាសន៍ល្អៗ មួយចំនួន និងអំពាវ នាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ ផ្តោតការយក ចិត្តទុកដាក់ និង លើកកម្ពស់វិស័យ សុខុមាលភាព មនុស្សចាស់បន្ថែមទៀត ។

ទន្ទឹមគ្នានេះដែរ មនុស្សចាស់ផ្ទាល់ ក៏សូមចូលរួមសហការ រៀបចំឲ្យមាន ជាសមាគម ដើម្បីជួយសម្រួល ទុក្ខលំបាកគ្នាទៅវិញទៅមក និងយកអស់ពីកម្លាំង កាយចិត្ត រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់ តែរីកចម្រើន ។ ដើម្បីអបអរសាទរ ទិវានេះ លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចែកជូនថវិការ ដល់លោកយាយ លោកតា ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួល បានថវិកាចំនួន ៣ម៉ឺនរៀល ៕