បណ្តាញសង្គម

ក្រុមចោរប្លន់ប្រដាប់អាវុធ យកទ្រព្យសម្បត្តិ អ្នកភូមិចំបក់ ស្រុកត្បូងឃ្មុំ បានដោយសុវត្ថិភាព

 ត្បូងឃ្មុំ៖ មានក្រុម ចោរប្លន់ មានគ្នាចំនួន៤នាក់ ប្រដាប់ដោយ អាវុធ វែង ខ្លី ចំនួន៣ដើម បានធ្វើសកម្មភាព ភ្ជង់គំរាមគំហែង និងចាប់ជនរង គ្រោះជាប្តី ចងគាត់វាយ និងដបសាំង យកទ្រព្យសម្បត្តិ នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ចំណុចភូមិចំបក់ ឃុំថ្មពេជ្រ ស្រុក/ខេត្តត្បូងឃ្មុំ ក្រោយពេល ធ្វើសកម្មភាព ក្រុមល្មើសបាន គេចខ្លួនទៅដោយ សុវត្ថិភាព ។

លោក វរៈសេនីយ៍៑ក ឡុង សារិន អធិការរង ទទួលព្រហ្មទណ្ឌ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ករណីប្លន់ម្ចាស់ផ្ទះ ជាជនរងគ្រោះ មានឈ្មោះ ឡន ហុងសេង អាយុ៣៥ឆ្នាំ និងប្រព័ន្ធ ឈ្មោះ សាន ដា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកើត ហេតុខាងលើ ។

ត្រូវបានជនល្មើស មួយក្រុម មានគ្នាចំនួន ៤នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់កាំផ្លើង វែងចំនួន២ដើម និងកាំភ្លើងខ្លី មួយដើម បានធ្វើសកម្មភាពប្លន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះរួមមាន ៖ ១-ម៉ូតូHONDA 125/2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J 5758 ចំនួន ១គ្រឿង ។ ២-ម៉ូតូវេវឆ្លាម 2014 ពណ៌ក្រហម គ្មានស្លាកលេខ ចំនួន១គ្រឿង ។ ៣-ខ្សែកមាស ចំនួន៣ខ្សែ សរុបមានទម្ងន់ ១៨៥ ហ៊ុន ។ ៤-ចិញ្ចៀនមាស ចំនួន២វង់ មានទម្ងន់ ២៦ ហ៊ុន ។ ៥-លុយដុល្លារ ចំនួន១៥០០ដុល្លារ ។ ៦-ប្រាក់រៀល លក់ប្រចាំថ្ងៃ ប្រហែលជាង ១,០០០,០០០រៀល ។

លោក អធិការរង បានបញ្ជាក់ទៀតថា តាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេល កើតហេតុ ជនរងគ្រោះគាត់ កំពុងរៀបចំ ទុកដាក់ទំនិញ លក់ដូរ ហើយចេញ ទៅបិទទ្វាររបង ស្រាប់តែ មានជនល្មើស មានគ្នាចំនួន ៤នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូ ២គ្រឿង មិនស្គាល់ម៉ាក ប្រដាប់ដោយអាវុធ AK ២ដើម និង អាវុធខ្លី ១ដើម ឈប់មុខផ្ទះ ហើយចូលមក គ្នា ៣នាក់ ធ្វើសកម្មភាព ភ្ជង់គំរាមកំហែង និងចាប់ជន រងគ្រោះជាប្តី ចងគាត់វាយ និងដបសាំង ហើយរុករើ យកទ្រព្យដូចខាងលើ ។

ក្រោយធ្វើ សកម្មភាពរួច បានជិះម៉ូតូ ជនរងគ្រោះ ម្នាក់មួយគ្រឿង ឆ្ពោះទៅទិស ខាងលិច ចូលព្រៃកៅស៊ូ ជប់ណ មិនដឹងឆ្ពោះទៅទីណា ។ ករណីនេះ សមត្ថកិច្ចជំនាញ នគរបាលស្រុក សហការជាមួយ កំលាំងនគរបាល ខេត្ត និងកំលាំងនគរបាល មូលដ្ឋាន ធ្វើការស៊ើបអង្កេត និងពួនស្ទាក់ តាមច្រករបៀងសំខាន់ៗ ដើម្បីតាមចាប់ ជនល្មើសយកមក ផ្តន្ទាទោសទៅតាមច្បាប់ ៕