បណ្តាញសង្គម

អគ្គីភ័យលេបត្របាក់អស់ផ្ទះចំនួន៣ និងបំផ្លាញទ្រព្យសម្បត្តិស្ទើរទាំងស្រុង នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ រយៈពេល៥ម៉ោង នៅយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ អគ្គីភ័យបានឆាប ឆេះផ្ទះចំនួន៣ រាបដល់ដី បណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិស្ទើរ ទាំងស្រុង នៅចំណុចភូមិទី១ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

លោក អនុសេនីយ៍ឯក អ៊ុក ពៅ អធិការរង នគរបាល ស្រុកក្រូចឆ្មារ បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចនគរបាល ស្រុកក្រូចឆ្មារ ចំនួន៤៩នាក់ អធិការរងចំនួន ៣រូប ដឹកនាំដោយលោក អធិការ បានចុះជួយអន្តរាគមន៍រហូតដល់ រលត់ភ្លើងជាស្ថាពរ ។ ភ្លើងបានឆាបឆេះ តាំងពីម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១០ រហូតដល់ម៉ោង៣ ទាបភ្លឺឈាន ចូលយប់ថ្ងៃទី១១ ចំណុចកើតហេតុខាងលើ ។ ក្នុងឧប្បទ្ទវហេតុនេះដែរ ភ្លើងបានឆេះ ផ្ទះអស់ចំនួន៣ រួមមាន៖ ទី១ផ្ទះឈ្មោះ នឹម ខុម អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ច្រៅ ថូយ អាយុ៥៥ឆ្នាំ ផ្ទះឈើប្រក់ក្រឿង ទំហំ៧ គុណ១៦ម៉ែត្រ (៣,៥ដំបូល) អស់លុយ ៧.០០០ដុល្លារ លុយខ្មែរ ១០លានរៀល និងខ្សែកមាស ចំនួន ២ខ្សែ ទម្ងន់២តំឡឹង ។

២.ផ្ទះឈ្មោះ ផុន សម្បត្តិ អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ថាយ គឹមយ៉េន អាយុ៤៤ឆ្នាំ ផ្ទះធ្វើពីឈើ ប្រក់ក្បឿង ទំហំ៧ គុណ១៦ម៉ែត្រ (៤តំបូល) អស់ថឡេថង ១គ្រឿង លុយ១០.០០០ដុល្លារ លុយខ្មែរ ៦លានរៀល និងមាស ១២ជី រកឃើញ ១០ជីវិញ ។ ៣.ផ្ទះឈ្មោះ ឈឿង ចាន់សេង អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ ឡេង សោខអេង អាយុ៥៧ឆ្នាំ ផ្ទះធ្វើពីឈើ ប្រក់ក្បឿង ទំហំ៧ គុណ ១៨ម៉ែត្រ (៤ដំបូល) អស់ម៉ូតូវ៉េវ ១គ្រឿង លុយ ៤លានរៀល រទេះគោ ១គ្រឿង ។ ហើយផ្ទះចំនួន ២ខ្នង ដែលនៅក្បែរត្រូវបាន រុះរើជញ្ជាំងផ្នែកខាងមុខ និងចំហៀង ផងដែរ ។

លោកអធិការរង បានបញ្ជាក់បន្ថែម ទៀតថា មូលហេតុ នៃការឆេះនេះ មិនទាន់មានប្រភព ច្បាស់ការណា បញ្ជាក់ឲ្យច្បាស់ បាននៅឡើយទេ ដោយភ្លើងឆេះ ចេញពីផ្ទះឈ្មោះ ឈឿង ចាន់សេង ដោយគាត់ខ្វិនដើរ មិនរួច និងពិការភ្នែក ដេកតែម្នាក់ឯង ហើយគាត់ បានបញ្ជាក់ថា ពេលក្តៅទើប គាត់ភ្ញាក់ដឹងខ្លួនក៏ឃើញ អណ្តាតភ្លើងឆេះ ដល់សរសទី ២ជួរទី ២រាប់ពីកើត ។ ករណីនេះ សមត្ថកិច្ច នគរបាល ស្រុកក្រូចឆ្មារ កំពុងធ្វើការស្រាវជ្រាវ រកមូលហេតុ ដើម្បីឈានទៅធ្វើការ សន្និដ្ឋានឲ្យបានច្បាស់លាស់ ជាក្រោយ ។