បណ្តាញសង្គម

បច្ច័យ៨១លានរៀល ក្នុងអង្គកឋិនទាន ត្រូវបានមហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងឯកឧត្តម ឧត្តមសេនីយ៍ ម៉ុន មាគ៌ា និងលោកជំទាវ ផ្តួចផ្តើមនិងដង្ហែទៅកាន់វត្តបុទុម្ពរ ហៅវត្តសៀមបោយ នៅខេត្តកំពង់ចាម

(ត្បូងឃ្មុំ)៖ មហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ លី ស៊ីណៃ ព្រមទាំងបុត្រ និងលោក ម៉ុន សារឿន និងលោកស្រី ហ៊ុន ម៉ោញ ព្រមទាំងបុត្រ បានផ្តួចផ្តើមអង្គកឋិនទានប្រមូលបច្ច័យបានចំនួន៨១លានរៀល ដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តបុទុម្ពរ (ហៅវត្តសៀមបោយ) ស្ថិតនៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

អង្គកឋិនទាននេះ ប្រារព្ធធ្វើឡើងនៅគេហដ្ឋាន លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីស្នងការរងខេត្ត និងសហការី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមជាបច្ច័យ និងដង្ហែផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានថ្លែងថា យើងទាំងអស់គ្នា មានឱកាសជួបជុំ ធ្វើបុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណ នៃអណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ គូសបញ្ជាក់ថា ការធ្វើបុណ្យកឋិនទាននេះ ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿង និងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឲ្យឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ដោយក្តីជ្រះថ្លា និងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើន។

សូមជម្រាបថា បច្ច័យចំនួន៨១លានរៀល ដែលប្រមូលបានពីអង្គកឋិនទាននេះ បានវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមានៅវត្តបុទុម្ពរ ហៅវត្តសៀមបោយ ដើម្បីបន្តកសាងព្រះវិហារ និងសមិទ្ធិផលនានា តំកល់ទុកក្នុងព្រះពុទ្ធសាសនាតរៀងទៅ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ នគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ លី ស៊ីណៃ ដោយកម្លាំងសទ្ធាជ្រះថ្លា បានប្រគេនបច្ច័យ ដល់វត្តចំនួន៤ទៀតរួមមានៈ វត្តព្រៃចារក្នុង ចំនួន៥លានរៀល, វត្តព្រៃចារក្រៅ ចំនួន៥លានរៀល, វត្តស្វាយព្រៃ ចំនួន៩លានរៀល និង១,០០០ដុល្លារ និងវត្តបាទី បច័្ចយចំនួន៥លានរៀលផងដែរ។

គួររំលឹកថា តាមទំនៀមទំលាប់ ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោក ក្នុងអនាគត។

កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង ៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន-យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕