បណ្តាញសង្គម

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅស្រុកក្រូចឆ្មារ ទទួលសំណូមពរ ២៩ ករណី ដើម្បីដោះស្រាយ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោ័ណ អភិបាលខេត្ត នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកក្រូចឆ្មារ ដោយមានការលើកជាសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និងសំណូមពរ ព្រមទាំងទទួលបានចំលើយ និងដោះស្រាយ ដោយរលូន សរុបចំនួន ២៩ ករណី ពីសំណាក់ប្រជាពលរដ្ឋ និងពាក់ព័ន្ធ។

វេទិការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅនៅ បរិវេណវត្តបុទមប្រឹក (ហៅវត្តជើងច្រង់) ស្ថិតនៅភូមិជើងច្រង់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ព្រះគ្រូចៅអធិការវត្តជើងច្រង់ ព្រះគ្រូចៅអធិការវត្តទួលស្នួល ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត តំណាងសាលាដំបូង តំណាងសាលាឧទ្ធរណ៍ កម្លាំងទាំង បី ប្រភេទ អាជ្ញាធរស្រុក អាជ្ញាធរឃុំ ទីចាត់ការពាក់ព័ន្ធនៃរដ្ឋបាលខេត្ត និងតំណាងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការធ្វើវេទិការនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរជំនាញជុំវិញខេត្ត រួមជាមួយរដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងវិស័យឯកជនជាដើម បានចូលរួមចែករំលែកនូវបទពិសោធន៍ និងផ្ដល់ប្រឹក្សា អំពីអាទិភាព នៃការអភិវឌ្ឍន៍មូលដ្ឋានខេត្ត ឱ្យកាន់តែមានសន្ទុះរីកចម្រើន និងមានប្រសិទ្ធភាពថែមទៀតនាពេលអនាគត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ស្រុកក្រូចឆ្មារ រយ:ពេល ១០ខែ ក្នុងឆ្នាំ២០២៣ និងបានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ អង្គវេទិកាបានពិភាក្សា ឆ្លើយតប និងដោះស្រាយនូវបញ្ហាអាទិភាពសំខាន់ៗ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងការចូលរួមមតិ សំណើរ និងសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

អង្គវេទិការ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរដោយផ្ទាល់មាត់ និងលាយលក្ខណ៍ជាអក្សរ មានចំនួន សរុប ២៩ករណី ដែលទាក់ទងរួមមាន ៖ ផ្លូវ, ភ្លើង, ប្រឡាយទឹក, អគ្គិសនី, ប័ណ្ណកម្មសិទ្ធិដីធ្លី, អាគារសាលារៀន និងអណ្តូងទឹក។

ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នឹងធ្វើការបកស្រាយបំភ្លឺជូនដោយរលូន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឱ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព ។

ជាពិសេស លោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត បានធ្វើការណែនាំ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អោយយល់ពីអត្ថប្រយោជន៍ប័ណ្ណសមធម៌ និងប័ណ្ណ(បសស) និងបានអំពាវនាវដល់សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន/យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

វគ្គបណ្តុះបណ្តាលនេះ បានកំពុងទទួលចុះ ចូលរៀន នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ (ក្បែរសាខាកាកបាទក្រហមខេត្ត) មានអាយុចាប់ពី ១៥-៣៨ឆ្នាំ និងបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺន ពីលើការសិក្សានេះថែមទៀតផង។

តមក ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនវេទិការសាធារណៈ ចុះឱ្យដល់មូលដ្ឋាន ដើម្បីទទួលយកនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងធ្វើការឆ្លើយតបតាមសំណូមពរឱ្យបានទាន់ពេលវេលា ។

ក្នុងនោះដែរ ការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ស៊ាក ឡេង បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប ។

បន្ថែមលើនេះ ឯកឧត្តម បានធ្វើការសរុប និងពន្យល់ទៅបងប្អូនថា រាល់សំណូមពររបស់បងប្អូនទាំងអស់ត្រូវបានដាក់បញ្ចូលក្នុងផែនការ ៣ឆ្នាំរំកិល របស់ រដ្ឋបាលខេត្តផងដែរ ៕