បណ្តាញសង្គម

អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី បើកវគ្គបំប៉នស្តីពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់មន្ត្រីជំនាញ ក្នុងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម សួន សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកគម្រោងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកវគ្គបន្តុះបណ្ដាលបំប៉ន ស្ដីពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ទាំង០៧ក្រុង-ស្រុក ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងវគ្គបំប៉ន ធ្វើឡើងនៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ សកម្មភាព និងវឌ្ឍនភាពកន្លងមក របស់មន្ទីរ ក្នុងការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ។

ក្នុងការងារនេះ មានការចូលរួមពីមន្ត្រីជំនាញមន្ទីររៀបចំដែនដីខេត្ត មន្ត្រីភូមិបាលក្រុង/ស្រុក និងមន្ត្រីស្ម័គ្រចិត្ត ដែលបានត្រូវចុះកិច្ចសន្យាជាមួយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដើម្បីធ្វើការរួមគ្នាជាក្រុម ក្នុងការចុះបញ្ជីដីធ្លីនេះ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហុក ពេជ្យហោះ អភិបាលរងខេត្ត បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មាន៦៤ ឃុំ/សង្កាត់ ស្មើនឹង ៨៦៧ ភូមិ ហើយបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ដោយបានចេញប័ណ្ណកម្មសិទ្ធបានចំនួន ៣៣៩,០០០ ប័ណ្ណ ។

ក្នុងនោះដែរ បញ្ហាដីធ្លីនេះ គឺត្រូវបានប្រជាពលរដ្ឋ លោកតែងតែលើកឡើង ជាសំណូមពរ បញ្ហាមួយចំនួន នៅតាមវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់សាធារណៈរបស់ខេត្ត និងតាមមូលដ្ឋាន ហើយរដ្ឋបាលខេត្ត ក៏បានខិតខំយកចិត្តទុកដាក់ពន្លឿន ក្នុងការធ្វើការងារទាំងអស់នេះជូនពួកគាត់ ផងដែរ។

ឯកឧត្តម បន្តថា វគ្គបំប៉ននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលមានគោលដៅកំណត់អំពីគុណភាពនៃការចុះបញ្ជីបានលឿន ឆាប់រហ័សជូនប្រជាពលរដ្ឋ និងមានប្រសិទ្ធភាព ក្នុងការប្រកបការងារក្នុងវិជ្ជាជីវៈ លើវិស័យដីធ្លី ដោយកំណត់យកវិធានការ និងនីតិវិធី ធានាបាននូវរបៀបរៀបរយ ក្នុងការអនុវត្តការងារ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកកម្មវិធីរដ្ឋបាលដីធ្លី បានមានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារ របស់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ ដែលបានបំពេញការងារ ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក បើទោះបីជូបនូវឧបសគ្គយ៉ាងក៏ដោយក្តី។

ឯកឧត្តម បន្តថា វគ្គបំប៉ន នាពេលនេះ អាចដំណើរការទៅបានដោយសារមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់គ្រូឧទ្ទេស ដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ល្អៗ ដើម្បីចែករំលែកបទពិសោធន៍ជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជំរុញការបញ្ជីដីធ្លីនៅក្នុងខេត្តត្បូងឃ្មុំ ទទួលបានគុណភាព និងប្រសិទ្ធភាពខ្ពស់។

ហើយវគ្គបំប៉ននេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីភូមិបាលក្រុង/ស្រុក និងក្មួយៗ ប្អូនៗ ជាមន្ត្រីស្ម័គ្រចិត្ត ដែលបានត្រូវចុះកិច្ចសន្យាជាមួយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ឲ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗ បន្ថែមទៀត សម្រាប់បំពេញបន្ថែម ចំពោះការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។

បន្ថែមលើនេះ ឯកឧត្ដម សួន សូផា ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមត្រងត្រាប់ស្តាប់ និងកត់ត្រា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលយកនូវចំណេះដឹងថ្មីៗ រួមជាមួយនឹងបទពិសោធន៍ល្អៗ ពីវាគ្មិន ដែលនឹងធ្វើការណែនាំបណ្តុះបណ្តាល បង្ហាត់បង្រៀន ចែករំលែកជូនក្នុងវគ្គបំប៉ននេះ ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការអនុវត្តជាក់ស្ដែង ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕