បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក និងដាក់ឲ្យដំណើរការគ្លីនិកទឹកនោមផ្អែម ប្រភេទទី១ លើកុមារនិងមនុស្សវ័យជំទង់

នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ (ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម) និងដាក់ឲ្យដំណើរការគ្លីនិកទឹកនោមផ្អែម ប្រភេទទី១ លើកុមារនិងមនុស្សវ័យជំទង់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោកនេះដែរ ក្រោមវត្តមានឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត និងឯកឧត្តមវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ លោកស្រីវេជ្ជបណ្ឌិត ឈុន លន់ អនុប្រធាននាយកដ្ឋានការពាសុខភាពនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ គង់ ប្រធានបច្ចេកទេសនៃនាយកដ្ឋានការពារសុខភាពនៃក្រសួងុសុខាភិបាល លោកស្រីនាយិកា ជី សុជាតិ នាយិកាអង្គការPSI និងលោក ម៉េង ពិសិដ្ឋ ប្រធានគ្រប់គ្រងក្រុមហ៊ុន Novo nodisk ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំបានលើកឡើងថា នេះជាលើកទី១ ដែលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើទិវានេះឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់អោយបានទូលំទូលាយជាសាធារណៈអំពីជំងឺទឹកនោមផ្អែម ប្រភេទទី១ ដែលបង្កឡើងដោយជំងឺទឹកនោមផ្អែមមកលើក្រុមគ្រួសារ ព្រមទាំងលើកកម្ពស់ការអប់រំ ការការពារ និងសេវាថែទាំសុខភាពរបស់គ្លីនិកទឹកនោមផ្អែមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន-ត្បូងឃ្មុំ ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំរុញចលនាពិភពលោករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែលជាបញ្ហាសុខភាពសាកលដ៏សំខាន់មួយ ។

យោងតាមរបាយការណ៍កំណើននៃអ្នកកើតជំងឺទឹកនោមផ្អែម ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំងឺនេះ មានការកើនឡើងច្រើនក្នុងពិភពលោកដែលបង្ករឱ្យព្រួយបារម្ភ ហើយរៀងរាល់ ៨វិនាទី ជំងឺនេះ បានឆក់យកជីវិតរបស់មនុស្សម្នាក់។

ជំងឺទឹកនោមផ្អែមនេះ គឺជាជំងឺរ៉ាំរ៉ៃមួយ ដែលធ្វើឱ្យជាតិស្ករក្នុងឈាមរបស់មុនស្ស មានការកើនឡើងច្រើនលើសពីធម្មតា ដែលជំងឺនេះបានក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរ សម្រាប់ពិភពលោកក៏ដូចជាប្រទេសកម្ពុជា។

ដូច្នេះត្រូវរួមគ្នាងស្វែងយល់អំពីផលប៉ះពាល់ ក៏ដូជាវិធីបង្ការជំងឺនេះ ឱ្យបានច្បាស់ដើម្បីរួមគ្នាទប់ស្កាត់ការកើតមានជំងឺនេះ។ សូមបញ្ជាក់ថា ជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីកត្តាហានិភ័យគឺ បរិភោគអាហារមិនមានសុខភាព និង កង្វះការហាត់ប្រាណ។

ផលវិបាកនៃជំងឺទឹកនោមផ្អែមគឺ ធ្វើអោយខូចបេះដូង ភ្នែក តំរង់នោម ដំបៅជើង និងអាចកាត់ជើង ។

ការព្យាបាលជំងឺទឹកនោមផ្អែមគឺ ត្រូវព្យាបាលអស់មួយជីវិត តែជំងឺទឹកនោមផ្អែមអាចការពារបានតាមរយៈការបរិភោគអាហារប្រកបដោយសុខភាពនិង ហាត់ប្រាណអោយបានត្រឹមត្រូវនិងទៀងទាត់ផងដែរ។

ក្នុងនោះ ក្រោយពីបញ្ចប់ពិធីទិវារួចមក ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ដឹកនាំក្រុមការងារ ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅគ្លីនិកទឹកនោមផ្អែម ប្រភេទទី១ លើកុមារនិងមនុស្សវ័យជំទង់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំផងដែរ៕