បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនត្យ និងជុំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព និងលទ្ធផលចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០៤

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនត្យ និងជុំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព និងលទ្ធផលចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០៤ ក្រោមអធិបតីភាពឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ឯកឧត្តម គាង សេង អនុរដ្ឋលេខាធិការ ក្រួសងួមហាផ្ទៃ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំត្រួតពិនត្យនាឱកាសនោះដែរ ធ្វើឡើងនារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ស្នងការ/ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្ត អភិបាល/អភិបាលរងស្រុក/ក្រុងទាំង៧ នាយក/នាយករងរដ្ឋបាលសាលាខេត្ត អធិការ/អធិការងក្រុង/ស្រុកទាំង៧ នាយកប៉ុស្តិ៍នគរបាល មេឃុំ ទូទាំងខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងពីសភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្តត្បូងឃ្មុំ បញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ គណៈបញ្ហាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទទួលបានលទ្ធផលរួមមាន បទល្មើសព្រហ្មទណ្ឌកើតមានឡើងចំនួន ២៥៥លើក (បទឧក្រិដ្ឋ ៤៤លើក និងបទមជ្ឈិម ២១១លើក) បើប្រៀបធៀបនឹងរយៈពេល ០១ឆ្នាំ២០២២ កើនឡើង ៩៨លើក ស្មើនឹង ៦២% ដោយមានការបង្រាបបានចំនួន ២៤៦ករណី ឃាត់ខ្លួន ៣៣៥នាក់ ស្រី ១១នាក់ ។

ដោយឡែក បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានបង្រាបជារួម ២២០ករណី ឃាត់ខ្លួន ៣៧៣នាក់ (ស្រី ២៣នាក់) និងបង្ក្រាបតាមដីកា ៤០ដីកា ចាប់ខ្លួន ៣៥នាក់ និងដកហូតបានវត្ថុតាងជាថ្នាំញៀនជាច្រើនប្រភេទ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានបញ្ចូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤៧លើក បណ្ដាលឱ្យស្លាប់ ៣៧នាក់ (ស្រី ០៧នាក់,កុមារី ០១នាក់, កុមារា ០១នាក់) និងរបួស ៥៨នាក់ (ស្រី ១៧នាក់, ជនជាតិវៀតណាម ០២នាក់ (ស្រី១នាក់, កុមារី១នាក់) មូលហេតុមកពីបើកលឿន ការឆ្លងកាត់មិនប្រុងប្រយ័ត្នបើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែង និងងងុយដេកផងដែរ។

ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា កងកម្លាំងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ព្រោះថាគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបន្តជំរុញអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមក ដល់ពេលនេះ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការពង្រឹងភាពជាម្ចាស់ការរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងគណនយ្យភាព។

ជាមួយគ្នានោះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់កងកម្លាំងទាំងបី ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះ បានយ៉ាងល្អប្រសើរនាពេលកន្លងមក ដែលបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះគោលនយោបាយមួយនេះ៕