បណ្តាញសង្គម

ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន លើកទឹកចិត្តនិងគាំទ្របងប្អូនតាមមូលដ្ឋានអោយបន្តការអភិវឌ្ឍន៍លើសាលារៀន ដែលមានកម្មវិធីសិក្សាឥស្លាមរួមបញ្ចូលកម្មវិធីសិក្សាអប់រំរបស់រដ្ឋ

ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានមានប្រសាសន៍លើកទឹកចិត្តនិងគាំទ្របងប្អូនតាមមូលដ្ឋានអោយបន្តការអភិវឌ្ឍន៍លើសាលារៀនដែលមានកម្មវិធីសិក្សាឥស្លាមរួមបញ្ចូលកម្មវិធីសិក្សាអបរំរបស់រដ្ឋ។

ប្រសាសន៍របស់ឯកឧត្តម ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាកិត្តិយស ពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស អាណាព្យាបាល ដែលកំពុងសិក្សាក្រោមគម្រោងអប់រំ របស់សមាគមផ្សព្វផ្សាយអំពើល្អ និងការអភិវឌ្ឍន៍ ស្ថិតក្នុងភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដែលមានការចូលរួមផងដែរពីសំណាក់ លោក យ៉ា ព្រហ៊ីម ប្រធានសមាគមផ្សព្វផ្សាយអំពើល្អ និងការអភិវឌ្ឍន៍ ថ្នាក់ដឹកនាំសាលា លោកគ្រូបង្រៀន ហាកឹម អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងអាណាព្យាបាល ប្រមាណជា ២០០នាក់។

ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី បានមានប្រសាសន៍ក្នុងឱកាសមានមតិសំណេះសំណាលនៅក្នុងកម្មវិធីយ៉ាងដូច្នេះថា៖ “ខ្ញុំសូមលើកទឹកចិត្តនិងគាំទ្របងប្អូនតាមមូលដ្ឋានអោយបន្តការអភិវឌ្ឍន៍លើសាលារៀនដែលមានកម្មវិធីសិក្សាឥស្លាមរួមបញ្ចូលកម្មវិធីសិក្សាអប់រំរបស់រដ្ឋ ចាប់តាំងពីកម្រិតបឋមដល់ឧត្តមសិក្សា ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព”។

ឯកឧត្តម បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនៃសមាគមផ្សព្វផ្សាយអំពើល្អ និងការអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងរហូតបង្កើតអោយមានសាលារៀនមួយ ផ្តល់នូវការអប់រំទាំង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្តោតសំខាន់លើការអប់រំ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលបានទុកចិត្ត បញ្ជូនកូនអោយទៅរៀននៅសាលា “កូនសោរឋានសួគ៌” ដែលប្រៀបដូចជាការវិនិយោគមួយដល់កូនៗទៅលើផ្នែកអប់រំ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ពួកគាត់ ក៏ដូចជាសង្គមជាតិ នាពេលអនាគតដ៏ខ្លីខាងមុខ។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រអោយបានចប់ទី១២ និងត្រូវបន្តការសិក្សានៅមហាវិទ្យាល័យ ហើយឯកឧត្តមនឹងផ្តល់ជូនអាហារូបករណ៍តាមរយៈសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដល់អ្នកដែលចង់បន្តការសិក្សា និងមានសមត្ថភាព។ បើតាមលោក យ៉ា ព្រហ៊ីម ប្រធានសមាគមផ្សព្វផ្សាយអំពើល្អ និងការអភិវឌ្ឍន៍ បានអោយដឹងថា សាលាកូនសោរឋានសួគ៌ ដែលជាគម្រោងអប់រំមួយរបស់សមាគម មានកម្មវិធីសិក្សាឥស្លាមរួមបញ្ចូលកម្មវិធីសិក្សាអប់រំរបស់រដ្ឋ ចាប់តាំងពីកម្រិតបឋមដល់កម្រិតអនុវិទ្យាល័យ ហើយគ្រោងនឹងពង្រីងដល់កម្រិតវិទ្យាល័យ នាថ្ងៃអនាគត។

លោកប្រធានសមាគម បានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំដំបូង និងមានសិស្សចុះឈ្មោះចូលរៀនជិត១០០នាក់ ថ្នាក់ដឹកនាំនៃសាលាកូនសោរឋានសួគ៌ទាំងអស់ បានប្តេជ្ញាខិតខំអស់ពីសមត្ថភាព ដើម្បីចែករំលែកចំណេះដឹងដល់សិស្សានុសិស្សអោយបានឈានដល់ចំណុចខ្ពស់មួយ ជាពិសេសទៅលើភាសាអារ៉ាប់ និងអង់គ្លេស។

គួរជម្រាបថា នាក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ក៏បានផ្តល់ជូននូវគម្ពីរអាល់គួរអាន ចំនួន ១៣០ក្បាល និងសៀវភៅសិក្សាឥស្លាមមួយចំនួនទៀត ជូនដល់ថ្នាក់ដឹកនាំសាលា សម្រាប់ចែកជូនដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលមានតម្រូវការ៕