បណ្តាញសង្គម

ខេត្តត្បូងឃ្មុំប្រារព្ធទិវានៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៥

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើទិវា អន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ក្នុងនោះដែរក៍មានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកនាយក និងមន្រ្តីប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត និងអ្នកស្ម័គ្រចិត្តចូលរួម បម្រើការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៥០នាក់ បានចូលរួមផងដែរ។

ឯកឧត្តម លី ឡេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមប្រចាំខេត្ត មានប្រសាសន៍អោយដឹងថា៖ ការប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ នាថ្ងៃនេះ ដើម្បីជាការដឹងគុណ និងកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដើម្បីសកម្មភាពមនុស្សធម៌ ដែលជាផ្នែកមួយនៃការការសម្រាលទុក្ខ លំបាក និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានធ្វើឲ្យសកម្មភាពមនុស្សធម៌នៅកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងមានប្រសិទ្ធភាពបំផុត នាសព្វថ្ងៃនេះ និងទៅអនាគត ។

ឯកឧត្តម អភិបាលរងខេត្ត មានប្រសាន៍ទៀតថា៖ តួនាទីរបស់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែលមានជាអាទិ៍ គឺមិនរើសអើងសញ្ជាតិ ពូជសាសន៍ ជំនឿសាសនា វណ្ណៈ ឬទស្សនៈនយោបាយឡើយ ហើយតំណាងកាកបាទក្រហមកម្ពុជា មាននៅក្នុងសហគមន៍ ត្រូវរៀបចំផែនការ និងអនុវត្តផែនការ ដើម្បីជួយដល់សហគមន៍ដោយស្ម័គ្រចិត្ត មិនទាមទារកំរៃ និងត្រូវផ្តល់ការជួយសង្គ្រោះ មាននៅក្នុងភូមិ ដោយមិនត្រូវការ ផលចំនេញនោះឡើយ ត្រូវចេះផ្តល់ការអប់រំសុខភាព ដើម្បីឲ្យមានភាពប្រសើរឡើង នូវសុខុមាលភាព របស់ប្រជាពលរដ្ឋ ប្រមូលព័ត៌មាន ពីគ្រោះមហន្តរាយ និងព័ត៌មានផ្សេងៗ ដែលពាក់ព័ន្ធ នឹងត្រូវបញ្ជូនព័ត៌មានទាំងអស់ ទៅអនុសាខាកាកបាទក្រហមកម្ពុជា ដែលនៅជិតបំផុត ដែលទាំងអស់នេះ ស្ថិតនៅក្រោម គោលការណ៍គ្រឹះទាំង៧ និងវិស័យស្នូលទាំង៤ ដែលកាកបាទក្រហមខេត្ត បានកំពុងអនុវត្តន៍ ។

ឯកឧត្តម លី ឡេង ប្រធានសាខាកាកបាទក្រហម ប្រចាំខេត្តត្បូងឃ្មុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ សមាជិក សមាជិកា ដែលស្ម័គ្រចិត្តចូលរួមបម្រើការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងអស់ ដែលរយៈពេលកន្លងមក បានធ្វើការលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ចូលរួមស្ម័គ្រចិត្ត បម្រើការងារដល់សាខាកាកបាទ ក្រហមកម្ពុជា យ៉ាងផុសផុល គួរឲ្យកោតសរសើរ ដែលនេះគឺជាសមរភូមិមនុស្សធម៍ ដែលមិនអាចកាត់ថ្លៃបាន។

ស្ថិតនៅក្នុងឳកាសនោះ គណៈអធិបតី បានធ្វើការលើកទឹកចិត្ត ដោយចែកអំណោយដល់ អ្នកស្ម័គ្រចិត្ត ដែលមានស្នាដៃ ក្នុងសកម្មភាពមនុស្សធម៍ ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ប័ណ្ណសរសើរ ១សន្លឹក សារុង១ សាប៊ូក្រអូប១ដុំ ម្សៅសាប៊ូ១កញ្ចប់ ទឹកសុទ្ធ និងថវិការ ចំនួន២ម៉ឺនរៀល ផងដែរ ៕