បណ្តាញសង្គម

ឆ្នាំនេះប្រជាពលរដ្ឋ ស្រុកអូរាំងឪ បាននាំគ្នាប្រមូលថវិកា ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា តិចជាងឆ្នាំទៅ

ត្បូងឃ្មុំ៖ នៅថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាបឋម សិក្សាអូរាំងឪ ស្ថិតក្នុងភូមិលេខ៤ ឃុំអំពិលតពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋ សិក្សានុសិស្ស អាជ្ញាធរដែនដី និងព្រះសង្ឃ បានរៀបចំ ធ្វើបុណ្យសប្បុរសធម៌ ប្រមូលថវិកាឧបត្ថម្ភ មន្ទីរពេទ្យគន្ធបុប្ផា ជាលើកទី២ ហើយឆ្នាំនេះ ប្រមូលថវិកា សម្រាប់យកទៅ ទ្រទ្រង់មន្ទីរពេទ្យមួយនេះ ឲ្យបានប្រសើរឡើង ពិសេសជួយ សង្គ្រោះ អាយុជីវិតកុមារ កំសត់របស់យើង រាប់លាននាក់ក្នុង ១ឆ្នាំៗ ។

លោក គីម សែ ប្រធានគណៈកម្មាការ បុណ្យបានមាន ប្រសាសន៍ឲ្យដឹងថា នៅក្នុងរយៈពេលជាច្រើន ឆ្នាំមកហើយ ដែលមន្ទីរពេទ្យ គន្ធបុប្ផា បានកកើតឡើង ដើម្បីជួយសង្គ្រោះ អាយុជីវិតកុមារ កម្ពុជារាប់លាននាក់ ឲ្យបានរួចផុត ពីសេចក្តីស្លាប់ និងពិការ ។ មន្ទីរពេទ្យ គន្ធបុប្ផា បានជ្រោងទឹកចិត្ត សប្បុរសយ៉ាងខ្ពស់ នៅក្នុងសង្គមកម្ពុជា ដោយព្យាបាល មិនយកកម្រៃ មិនរើសអើង អ្នកមាន អ្នកក្រ មានសមធម៌ខ្ពស់ មិនប្រកាន់ស្រទាប់ វណ្ណៈក្នុងសង្គម ។

ដោយហេតុផលដ៏ល្អ ផូរផង់នេះហើយ ដែលបានជំរុញទឹកចិត្ត យើងខ្ញុំទាំងអស់គ្នា ក្នុងស្រុក អូរាំងឪ និងសប្បុរសធម៌ ជិតឆ្ងាយ ឧបត្ថម្ភគាំទ្រ បង្កើតបានកម្មវិធី «បុណ្យសប្បុរសធម៌ »   ជាលើកទី២ ដើម្បីប្រមូលថវិកា សម្រាប់ឧបត្ថម្ភ ជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែលបាន និងកំពុងអំពាវនាវ រកសប្បុរសធម៌ជួយ ។

ម៉្យាងទៀត ទាំងព្រះសង្ឃ យើងខ្ញុំទាំងអស់គ្នា យល់ឃើញថា ការបណ្តុះគំនិត សប្បុរសធម៍ ជាកាយវិកាមួយ និងជាគំរូដ៏ល្អប្រពៃ សម្រាប់កុលបុត្រ កុលធីតាខ្មែរ ជំនាន់ក្រោយ ឲ្យចេះស្រលាញ់គ្នា និងជួយគ្នា ក្នុងគ្រាក្រ ។ លោកប្រធាន បានបញ្ជាក់ទៀតថា ឆ្នាំ២០១៤ យើងប្រមូលថវិកា បានចំនួន ១៥០០០ដុល្លារជាង ហើយឆ្នាំ ២០១៥នេះ យើងប្រមូលថវិកា បានចំនួនជិត ១៥០០០ដុល្លារ ។