នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ណុប ឡងឌី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តក្រពុំឈូក ហៅវត្តកន្លងលេញ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាពេលឆាប់ៗខាងមុខនេះ៕
កិច្ចប្រជុំនេះ ធ្វើឡើងនៅនៅសាលប្រជុំ (ក)សាលាខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី តំណាងកងកំលាំងទាំង៣ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ណុប ឡង់ឌី អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ ណែនាំដល់ក្រុមការងារ និង កងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ ក្នុងការការពារនូវសន្តិសុខ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រនេះ ឲ្យមានសុវត្តិភាព និងសណ្ដាប់ធ្នាប់ ប្រកបដោយប្រសិទ្ធភាពបំផុត ដោយក្នុងនោះត្រូវរៀបចំ មានជាក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះបន្ទាន់ មានជាកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាត្រៀមនូវរថយន្តអគ្គិភ័យរួចជាស្រេច ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ និងធានាសុខសុវត្ថិភាព។
ឯកឧត្តម អភិបាលរងខេត្ត បានជម្រុញដល់មន្ទីរ/អង្គភាពជំនាញ ពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាព ជូនអ្នកចូលរួមនៅក្នុងពិធីឲ្យប្រព្រឹត្តទៅបានរលូន ទទួលបានសុវត្ថិភាពខ្ពស់។
ក្នុងនោះដែរ ជម្រុញការគ្រប់គ្រង និងរក្សាការពារនូវអនាម័យ និងធានាថាស្អាត មិនថាអំឡុងពេលពិធី និងក្រោយពេលពិធីបុណ្យរួច ព្រមទាំងធានាថាស្អាតគ្រប់ពេលវេលា ដើម្បីធានានូវផាសុខភាពដល់ប្រជាពលរដ្ឋដែលបានមកក្នុងព្រឹត្តិការណ៍នេះផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម ណុប ឡង់ឌី អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានលើកទឹកចិត្តដលក្រុមការងារនិង កម្លាំងការពារ គ្រប់គោលដៅ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ សូមសហការគ្នាក្នុងការបំពេញការងារ ក្នុងព្រឹត្តិការណ៍ខាងនេះ អោយទទួលបានជោគជ័យផងដែរ៕