បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធឆ្លងព្រះសក្យមុនីចេតិយ កសាងអស់តម្លៃជិត ១លាន ៧សែន ដុល្លាអាមេរិក និងសមិទ្ធផលនានា នៅក្នុងវត្តអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ព្រះសក្យមុនីចេតីយ កសាងឡើងអស់តម្លៃ ១,៦៧៤,១៧៧ដុល្លាអាមេរិក ត្រូវបានឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល (ហៅវត្តអំពិល) ស្ថិតនៅភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អមដំណើរដោយឯកឧត្តមបណ្ឌិត ជាម ចន័្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមសំណាក់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោក-លោកស្រី សមាជិករាជរដ្ឋាភិបាល គណៈអភិបាលខេត្ត ព្រមទាំងក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិក្សានុសិ្សសប្បុរសជន អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ចន័្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ស្វាគមន៍ និងបានលើកឡើងថា សមិទ្ធផលនានាជាច្រើន ដែលត្រូវសម្ពោធឆ្លង ដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ ក្នុងវត្តពោធិសាល (ហៅវត្តអំពិល) នាពេលនេះ រួមមាន ៖ ព្រះសក្យមុនីចេតីយ ទំហំ ២៤.៨មx២៦.៦ម កម្ពស់ ២១ម៉ែត្រ, សាលាធម្មសភា ០១ខ្នង ទំហំ ៣២មx៣៦ម កម្ពស់ ២២ម, ក្លោងទ្វារវត្ត រួមជាមួយនឹងសមិទ្ធផលទាំងអស់ ចំណាយទឹកប្រាក់សរុបចំនួន ១,៦៧៤,១៧៧ដុល្លាអាមេរិក(មួយលាន ប្រាំមួយរយចិត សិបបួនពាន់មួយរយចិតសិបប្រាំពីរដុល្លារ)។

ថវិកាសាងសង់ទាំងអស់នេះ ប្រសូតចេញពីសទ្ធាជ្រះថ្លាដ៏បវរថ្លៃថ្លាក្នុងការដឹកនាំរបស់ព្រះគ្រូ សុមេធង្ករោ បាន សុភេន រួមនឹងសប្បុរសជន ដែលជាពុទ្ធសាសនិក ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយទាំងអស់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ពិធីសម្ពោធឆ្លងព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានានៅវត្តពោធិសាល (ហៅវត្តអំពិល) នាខណៈនេះ ជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ និងសូមថ្លែងអំណរព្រះគុណ និងអរគុណដល់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានខិតខំ និងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង នៅពេលនេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសហការ និងជួយជ្រោមជ្រែង ក្នុងការបង្កើតសមិទ្ធនានាក្នុងវត្តពោធិសាល(ហៅវត្តអំពិល) ក៏ដូចជាក្នុងមូលដ្ឋានភូមិ ឃុំ និងស្រុកក្រូចឆ្មារទាំងមូល។

ទាំងនេះជាកេរដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាម ទំនៀមទម្លាប់ប្រពៃណីសាសនាផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តការងារពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តសកម្មភាពធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យប្រកបដោយមោទនភាព និងកិត្យានុភាពបំផុត ក្នុងគោលបំណងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លាបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខដុមរមនាជីវភាពប្រជាជនកាន់តែប្រសើរឡើងឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ ក្រសួងបរិស្ថានឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទ ក៏ដូចជាអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណឥដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៥ នៃបញ្ចកោណទី១ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលផ្ដោតសំខាន់លើការធ្វើពលវូបនីយកម្ម ពលរដ្ឋឱ្យមានសីលធម៌ គុណធម៌ និងសុជីវធម៌ បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលផ្ដោតលើភាពស្អាត ភាពបៃតង និងចីរភាព។