បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញសម្ពោធឆ្លង សមិទ្ធិផលនានា និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តវត្តសុវណ្ណមាលី (ហៅវត្តទន្លេបិទ) ស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំណាយថវិការជិត១៩ម៉ឺនដុល្លា

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ព្រមទាំងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាជាណាកម្ពុជា រួមជាមួយនឹងរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឆ្លង សមិទ្ធិផលនានា និងបុណ្យផ្កាប្រាក់សាមគ្គី។

ឋិតនៅក្នុងពិធីដ៏មហោឡារិកនេះ បានប្រារព្ធធ្វើឡើងនៅបរិវេនវត្ត សុវណ្ណមាលី (ហៅវត្តទន្លេបិទ) ស្ថិតនៅភូមិ យាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ចន័្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រី សមាជិករាជរដ្ឋាភិបាល គណៈអភិបាលខេត្ត ព្រមទាំងក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិក្សានុសិ្សសប្បុរសជន អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ឯកឧត្តមបណ្ឌិត ជាម ចន័្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើសេចក្តីថ្លែងការ ជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូល។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សមិទ្ធិផលនានាដែលធ្វើការដាក់ឱ្យសម្ពោធឆ្លងនាឱកាសនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូ ភាណកត្ថេរ រីន ភារិទ្ធ ព្រមទាំងអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានរួមគ្នាធ្វើការកសាង។ ការកសាងកុដិមួយខ្នង ដែលមានប្រវែង ២១x ១២មរួមនិងសមិទ្ធិផលនានា នេះចំណាយអស់ថវិការ ១៨ម៉ឺន ៥ពាន់ ១៦២ដុល្លារ។ ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា “ព្រះពុទ្ធសាសនា ដើរតួនាទីសំខាន់ក្នុងការអប់រំសីលធម៌ គុណធម៌ និងដឹកនាំមនុស្សឱ្យបំពេញនូវសេចក្តីល្អ។

ដូចដែលយើងបានមើលឃើញនាពេលបច្ចុប្បន្ននេះ វត្តអារាម មានការរីកចម្រើនខ្លាំង ដោយមានការកសាងសមិទ្ធិផលនានា ក៏ដូចជាក្នុងឱកាសនេះដែលវត្ត សុវណ្ណមាលី (ហៅវត្តទន្លេបិទ) បានកសាង ព្រមទាំងបានធ្វើការដាក់សម្ពោធនេះ ក៏បង្ហាញឱ្យឃើញពី សុខ សន្តិភាព សុខដុមរមនា ដែលទាំងនេះគឺបានកើតឡើង ដោយសាររាជរដ្ឋាភិបាលដែលមានការដឹកនាំប្រកបដោយភាពឆ្លៀសវៃ របស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបន្តដល់រាជរដ្ឋាភិបាលជំនាន់ថ្មី ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា “ មុនពេលកម្ពុជាទទួលបានសុខសន្តិភាព ប្រទេសរបស់យើង បានឆ្លងកាត់ រឿងសោកនាថកម្មជាច្រើន ដែលធ្វើឱ្យកម្ពុជាបាត់បង់នូវ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ព្រមទាំងសាសនា។ រហូតដល់រាជរដ្ឋាភិបាលដែលមានភាពឆ្លៀសវៃ ដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការរំដោះសង្គ្រោះកម្ពុជាចេញពីរឿងសោកនាថកម្មនេះ”។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ទាក់ទងនឹង វិស័យបរិស្ថាន ដែលក្រសួងបរិស្ថាន កំពុងតែធ្វើការអនុវត្តលើកិច្ចការពារបរិស្ថាន ដោយបានធ្វើការដាំដើមឈើជាគម្របព្រៃឈើឡើងវិញ ព្រមទាំងការរក្សាបាននៅអនាម័យ ភាពស្អាត ដើម្បីឆ្ពោះទៅកម្ពុជាជាប្រទេសស្អាតសម្រាប់យើងទាំងអស់គ្នា។ សូមបញ្ជាក់ថា៖ ក្នុងពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធិផលនានានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានប្រគេនបច្ច័យសម្រាប់កសាងទីអារាមដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ៧ពាន់ដុល្លារ ព្រមទាំងចែកជូនថវិកាដល់តាជី យាយជី ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ៕