បណ្តាញសង្គម

ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ តម្លៃជិត១លានដុល្លា ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ពិធីនេះមានការអញ្ជើញ/និមិន្តចូលរួមដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រះថេរានុត្ថេរៈជាច្រើនព្រះអង្គ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ១,២០០នាក់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានធ្វើរបាយការណ៍នៃការកសាងវត្តក្រពុំឈូកថា វត្តនេះបានចាប់ផ្តើមកសាងឡើងតាំងពីឆ្នាំ១៨៣០ ពោលគឺមានអាយុកាលប្រមាណ១៩៤ឆ្នាំហើយ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ (ក្នុងរបបសាធារណរដ្ឋខ្មែរ) ទីបរិវេណវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បេ៥២។

ក្នុងនោះ ព្រះវិហារដែលត្រូវបានរៀបចំបញ្ចុះសីមានាពេលនេះមានទំហំ ៥៤ម៉ែត្រ គុណនឹង ៦៥ម៉ែត្រ និងមានកម្ពស់ ៣៣ម៉ែត្រ, រោងព្រះយមរាជ, ប្រាសាទព្រះនាងក្រពុំឈូក, ដងទង់, និងសមិទ្ធផលនានា ដោយបានចំណាយទឹកប្រាក់សរុបចំនួន៩៧៤,៧៦៨.២៥ដុល្លារអាមេរិក។ ថវិកាសាងសង់ទាំងនេះ កើតចេញពីសទ្ធាដ៏ជ្រះថ្លារបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ប៊ុន សាមលេន និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ គីម ទូច, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ម៉ាង សៅ និងក្រុមគ្រួសារ, លោក ត្រាយ ប៉េងសេង និងលោកស្រី រួមនឹងសប្បុរសជនដែលជាពុទ្ធសាសនិក ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តទាំងជិត ទាំងឆ្ងាយ។ បច្ចុប្បន្នព្រះគ្រូចៅអធិការព្រះនាម អប្បិច្ឆោរ កាំងហួរ។

ថ្លែងក្នុងអង្គពិធីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធ សាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម បានបន្តបន្ថែមថា ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។

ម្យ៉ាងទៀត សមិទ្ធផលដែលយើងទទួលបាននាពេលនេះ បានប្រសូតចេញឡើងតាមរយៈគុណតម្លៃនៃសន្តិភាព។ គុណតម្លៃនៃសុខសន្តិភាព ជាកាលានុវត្តន៍ភាពដ៏អស្ចារ្យដែលគាំទ្រដល់ដំណើរអភិវឌ្ឍឥតឈប់ឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅលើវិស័យអាទិភាពនានា ប្រកបដោយប្រសិទ្ធភាព ហើយរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្រោមការដឹកនាំ និងការគិតគូរជាយុទ្ធសាស្ត្រដ៏មានថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ ការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងការបន្តជឿជាក់លើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្តបេសកកម្មពីសម្តេចអគ្គមហាសេនាបតីតេជោ គឺជាការគាំទ្រ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងការគិតគូរពីអនាគតវែងឆ្ងាយពីអនាគតយុវជនជំនាន់ក្រោយទាំងអស់គ្នា ក៏ដូចជាចូលរួមដឹកនាំនាវាកម្ពុជាឆ្ពោះទៅការកាន់អភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបសម្រាប់ទាំងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ៕