ត្បូងឃ្មុំ៖ នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ជាម្ចាស់អាជីវកម្ម រថយន្តដឹកដី ចំនួន ៤៨នាក់ បានយកស្នាមមេដៃ មកមន្ទីររ៉ែ និងថាមពល ដើម្បីឲ្យមន្ទីរបញ្ជូន ស្នាមមេដៃនេះ ទៅក្រសួង ពិនិត្យពីផលប៉ះពាល់ ព្រោះការអនុវត្តច្បាប់ បង់សួយសារថ្មីនេះ មានតម្លៃខ្ពស់ពេក ពួកគាត់មិនអាច មានលទ្ធភាព បង់បានទេ សូមឲ្យបង់ដូច ឆ្នាំកន្លងទៅ តែចំនួន ៣០០ដុល្លារ ក្នុងម្ចាស់អាជីវកម្ម ម្នាក់ៗ ក្នុង ១ឆ្នាំ ។
ម្ចាស់អាជីវកម្មជីក យកអាចម៍ដីលក់ ក្នុងខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ច្បាប់បង់សួយសារនេះ ចេញតាំងពីឆ្នាំ ២០០១មកម្លេះ កាលពីខេត្តកំពង់ចាម មិនទាន់កាត់ចេញជា ២ខេត្តនោះ ក្រុមអាជីវកម្ម បានជួបជាមួយ ឯកឧត្តម ហ៊ុន ណេង សូមបង់តែចំនួន តែ៣០០ដុ ល្លារទេ ហើយបង់ពីពេល នោះរហូតមក បច្ចប្បន្នគ្រប់ខេត្ត ទាំងអស់គេមិនទាន់ អនុវត្តន៍ដូចខេត្តត្បូងឃ្មុំ យើងនេះទេ ។ ពួកគាត់បាន បញ្ជាក់ពីការបង់សួយសារថា ទី១ -ច្បាប់ បង់សួយសារថ្មី គុណរណ្តៅអាចម៍ដី ក្នុង១ម៉ែត្រគីប តម្លៃ ៦០០រៀលនោះ តម្លៃនេះ ខ្ពស់ ណាស់ពួកគាត់ពុំ អាចរត់រួចទេ ។ ទី២-ចំពោះផែនទីបង្ហាញ ទីតាំងតំបន់អាជីវកម្ម គ្រប់ទីតាំងទាំងអស់មិនថាតូចធំ មន្ទីរកំណត់យក១៥០ដុល្លារនោះ វាមានលក្ខណៈខុសពីខេត្តដទៃ ពួកគាត់ក៏គ្មានលទ្ធភាពបង់ដែរ ។ ក្រុមអាជីវកម្មបានឲ្យដឹងទៀតថា បច្ចុប្បន្នអាច៍ដីលក់បានក្នុងតម្លៃថោក ក្នុង១រថយន្តចំណុះ ២តោនកន្លះ តម្លៃ ១២០០០រៀលទេ ( មួយម៉ឺនពីរពាន់រៀល ) ផាត់បង់សួយសារជាង ១០០០រៀល ( មួយពាន់រៀល ) អ្នករត់ការ ១៥០០រៀល ដកថ្លៃអាអ៊ិច ថ្លៃទិញដី និងថ្លៃសាំង គិតទៅស្ទើរ អស់ចំណេញទៅហើយ ពិសេសទៀតទីផ្សារ មានការប្រគួតប្រជែង ដើម្បីយកលុយ ទៅបង់ធនាគារ ។
អាចម៍ដីលក់មាន ៣ប្រភេទ៖ ទី១-យើងទិញដីពី ប្រជាពលរដ្ឋ ហើយលក់អាចម៍ដី លក់ថ្លៃបន្តិច ។ ទី២-អាចម៍ដីដែល ប្រជាពលរដ្ឋ ហៅទៅជីកស្រះ យកអាចម៍ដី លក់តម្លៃទាបជាង អាចម៍យើងទិញ ។ និងទី៣-អាចម៍ដីដែលប្រជាពលរដ្ឋ ហៅទៅជីកដើម្បី បង្កើតជាដីស្រែនោះ ក៏លក់ក្នុងតម្លៃទាបដែរ ។ ហើយគ្រប់អាជីវកម្ម ទាំងអស់សុទ្ធតែយក លុយពីធនាគារ ទាំងអស់ យកមកទិញគ្រឿង ចក្រដើម្បីយកមក ធ្វើអាជីវកម្ម នេះ ជាបញ្ហាប្រឈម បង់ឲ្យសួយសារផង បង់ឲ្យធនាគារផង ចំណុចនេះហើយ ដែលពួកគាត់រត់មិនរួច ។
ម៉្យាងទៀត នៅរដូវវស្សា គឺគ្រឿងចក្រ ត្រូវផ្អាកដំណើរការ កម្មករជាអ្នក បញ្ជាគ្រឿងចក្រ យើងនៅតែគិត ប្រាក់ខែឲ្យគាត់ ជៀសវាងឲ្យ ពួកគាត់ធ្វើចំណាកស្រុក ហើយលុយបង់ ធនាគារយើងត្រូវ តែបង់មិនគិតរដូវវស្សាឡើយ ។ បញ្ហាប្រឈម ចំបងនេះ នៅពេលមន្ទីរ រឹតបន្តឹងច្បាប់ បង់សួយសារថ្មី យ៉ាងគំហុគនេះ ម្ចាស់អាជីវកម្ម ចំនួន ២០នាក់ បានរត់គេច ទៅខេត្តផ្សេងៗ មានខេត្តរតនៈគិរី ក្រចេះ កំពង់ធំ កណ្តាល និងខេត្តព្រៃវែង ។ មិនហ៊ាន ត្រឡប់មកវិញ ដោយសារខ្លាចមន្ទីរ កោះហៅគុណរណ្តៅ អាចម៍ដី ដែលបានធ្វើតាំងពី ឆ្នាំជាង ២០០០មកម្លេះនោះ ។
ពាក់ព័ន្ធនឹងករណីនេះ លោក ស៊ា ចាន់ដារ៉ា ប្រធានមន្ទីរ រ៉ែនិងថាមពល បានបញ្ជាក់ថា មន្ទីរមិនអាច សម្រេចបានទេ មានតែក្រសួង ទេជាអ្នកសម្រេច ហើយបើមានស្នាមមេដៃ ចាំគាត់បញ្ជូនទៅក្រសួង ដើម្បីឲ្យក្រសួងពិនិត្យ លទ្ធភាពនេះ ៕