បណ្តាញសង្គម

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំចុះត្រួតពិនិត្យស្វែងរកស្ករត្នោតដែលផ្ទុកសារធាតុគីមី នៅតាមផ្សារមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ

កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៦ សប្តាហ៍កន្លងទៅ មន្ត្រីសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះអង្កេតផ្សារចំនួន២គឺ៖ ផ្សារសួង ស្ថិតនៅក្រុងសួង និងផ្សារស្ទឹង ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានអោយដឹងថា ៖ គោលបំណងនៃការចុះអង្កេតនេះ ដោយផ្អែកទៅលើ ការណែនាំរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋាន កាំកុងត្រូល បានណែនាំដល់ មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ ទូទាំងប្រទេស ចុះត្រួតពិនិត្យស្ករត្នោត ដែលផ្ទុកសារធាតុគីមី ហាមឃាត់ Sodium Hydrosulfite ជាប្រភេទម្សៅពណ៍ស ដែលធ្វើអោយស្ករ ត្នោតមានពណ៍សល្អ និងរក្សាទុកបានយូរ ដោយសារធាតុគីមីប្រភេទនេះ វាមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពប្រជាពលរដ្ឋ ដូចជា៖ បណ្តាលអោយពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាគរូស ។

លោក ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានអោយដឹងទៀតថា៖ ជាលទ្ធផលតាមរយៈ នៃការចុះត្រួតពិនិត្យ និងធ្វើតេស្តិ៍ទៅលើស្ករត្នោត របស់អាជីវករ នៅផ្សារទាំងពីរខាងលើ ដែលមានបរិមាណ កំពុងដាក់តាំងលក់ សរុបប្រមាណ៤៨០គីឡូក្រាមនោះ គឺពុំឃើញមានវត្តមានសារធាតុ SodiumHydrosulfite ដែលជាម្សៅពណ៍ស នៅក្នុងស្ករទាំងនោះទេ។

លោក មាស ម៉ោរា បានធ្វើការអប់រំអាជីវករ អោយយល់ដឹងអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់សារធាតុគីមីនេះ និងហាមឃាត់មិនអោយប្រើប្រាស់វា ទៅលើស្ករត្នោតជាដាច់ខាត ទន្ទឹមនឹងនោះ មន្ត្រីកាំកុងត្រូលខេត្តក៍បានធ្វើការ បិទស្លាកសញ្ញាអប់រំ ដើម្បីអោយប្រជាពលរដ្ឋ ក៍ដូចជាអាជីវករ ទទួលបានការយល់ដឹងបន្ថែមទៀត ក្នងការជ្រើសរើស ផលិតផលម្ហូបអារហារ ដែលមានសុវត្ថិភាព នៅតាមទីតាំងមួយចំនួន នៅក្នុងផ្សារទាំង២ ខាងលើនេះផងដែរ ៕