បណ្តាញសង្គម

ឯកឧត្តម លី ឡេង បើកកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ រយៈពេល៥ឆ្នាំ

ឯកឧត្តម លី ឡេង បើកកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការ អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ រយៈពេល៥ឆ្នាំ (២០១៥-២០១៩) កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០១៥-២០១៧) និងពិនិត្យពិគ្រោះយោបល់ របស់គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងកម្មវិធី វិនិយោគ៣ឆ្នាំរំកិល របស់ខេត្តត្បូងឃ្មុំ (២០១៦-២០១៨)

ឯកឧត្តម លី ឡេងអភិបាលរងនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍អោយដឹងថា៖ កិច្ចប្រជុំដែលធ្វើឡើង នាពេលនេះ ជាផ្នែកមួយនៃការអនុវត្ត គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ រដ្ឋបាលក្រោមជាតិ ជាមួយនឹងច្បាប់គ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណង ដើម្បីធានាអោយមានគណនេយ្យភាព ពិតប្រាកដជូនប្រជាពលរដ្ឋ ដែលបានលើកគម្រោង អភិវឌ្ឍន៍សម្រាប់ដោះស្រាយបញ្ហានានា ដែលជួបប្រទះនៅមូលដ្ឋាន តាមរយៈការកសាង ផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធី៣ឆ្នាំរំកិលរបស់ខ្លួន និងជាដំណើរការស្វែងរក នូវចំនុចខ្លាំង ចំនុចខ្សោយ ភាពត្រឹមត្រូវ ក្នុងការកសាងសេចក្តីព្រាង កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឆ្នាំ២០១៦-២០១៨ ដោយផ្តោតលើនីតិវិធី គោលការណ៍ណែនាំ ភាពស៊ីសង្វាក់ជាមួយ ផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំខេត្ត ការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ច របស់ក្រុមប្រឹក្សា និងផ្តល់ផលប្រយោជន៍ ដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសស្ត្រី កុមារ ជនក្រីក្រ ជនពិការ និងក្រុមជនងាយរងគ្រោះ ។

បន្ទាប់ពី សមាជិកសមាជិកា ក្នុងអង្គប្រជុំ ធ្វើការពិភាក្សា ពិគ្រោះយោបល់ និងសម្រេចទទួលបាន លទ្ធផលរួចមក៖ ឯកឧត្តម អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងរៀបចំ សម្របសម្រួល រាល់កិច្ចការងារ ដែលធ្វើអោយកិច្ចប្រជុំ ដែលធ្វើឡើងនាពេលនេះ ទទួលបានជាផ្លែផ្កាតាមការគ្រោងទុក ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត ៕