បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពង្រឹងការសិក្សា ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យប្រិមប្រិយ៍ ខេត្តកំពង់ចាម

កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសរសើរ ដល់លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់ បង្រៀនសិស្សានុសិស្ស ឲ្យចេះដឹង មានភាពក្លាហាន យកចិត្តទុកដាក់ ក្នុងការរៀនសូត្រ និងជំរុញឲ្យ សិស្សអនុវិទ្យាល័យចាប់ពីថ្នាក់ទី៩ រហូតដល់ទី១២ ត្រូវខិតខំ ប្រឹងប្រែង រៀនសូត្រ ដែលនេះជាគ្រឹះ សម្រាប់បន្តទៅ ថ្នាក់បរិញ្ញាប័ត្រ បន្ថែមទៀត ថ្លែងនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យប្រិមប្រិយ៍ ក្នុងឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោក កាន់ កាល់ ប្រធានអង្គការរូមធូរីដ បានថ្លែងឲ្យដឹងថា អត្រាបោះបង់របស់កុមារី បានស្រុតចុះពី១៥.៦% មកត្រឹមតែ៧.៦% នៅឆ្នាំទី១ ដែលរូមធូរីដចាប់ផ្តើមកម្មវិធី ។ រូមធូរីដបានធ្វើការជាមួយសាលា និងសហគមន៍ ដើម្បីសាងសង់អគារថ្មី ចំនួន១ខ្នង (៥បន្ទប់) នៅឆ្នាំ២០១២ ។ កម្មវិធីអប់រមកុមារីបានបង្កើត ក្រុមមិត្តអប់រំមិត្ត ដែលជាក្រុមស្ម័គ្រចិត្តនៅសាលា ពួកគេតែងតែដឹកនាំសកម្មភាពនានាដូចជា ដឹកនាំក្លឹបសិក្សា និងការបង្រៀនកុមារនៅសហគមន៍ជាដើម ។

លោក នាយកសាលាបានកត់សម្គាល់ថា កុមារីមានការអភិវឌ្ឍទាំងក្នុងសាលា និងក្រៅសាលារៀន ។ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងជំរុញឲ្យ ក្មួយៗសិស្សានុសិស្ស ខិតខំអានសៀវភៅឲ្យបានច្រើន សិក្សាស្រាវជ្រាវបន្ថែមទៀត យើងមានបណ្ណាល័យដែលជាកន្លែងស្តុកសៀវភៅ ឯកសារផ្សេងៗ ។ បើចង់ គឺអាច ត្រូវតាំងចិត្តក្នុងភាពជាអ្នកសិក្សា មិនចេះត្រូវសួរ លោកគ្រូ អ្នកគ្រូ សួរមិត្តភ័ក្ត្រដែលគេចេះជាង រៀនច្រើនចេះច្រើន រៀនច្រើនចំរើនឡើង រៀនចេះដឹង មានកិត្តិយសខ្លួន គ្រួសារ និងធ្វើឲ្យសង្គមជាតិបានប្រសើរឡើង៕