បណ្តាញសង្គម

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍រីកចម្រើនរបស់ខេត្ត

(ត្បូងឃ្មុំ) ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី១ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលស្តីទី នៃគណអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាយ្យកាអមសាលាដំបូងខេត្ត ប្រធានគយ និង លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ តំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធខេត្ត តំបន់ប្រតិបត្តការសឹករងខេត្ត អង្គភាពនានាជុំវិញខេត្ត ចូលរួមជាច្រើនរូប ។

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្ត ក៏បានអាន របាយការណ៍ និងកំណត់ហេតុ តាមរយៈ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត, ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងដីកា ស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត, ការពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេច ស្ដីពីប្រតិទិន នៃកិច្ចប្រជុំសមញ្ញ សម្រាប់រយៈពេលដប់ពីរខែ (១២ខែ) ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាខេត្ត និងបញ្ហាផ្សេងៗ ក្នុងកិច្ចប្រជុំ ហើយប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្ត បានលើដៃអនុម័តសម្រេចទទួលយកបានទាំងអស់គ្នា។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលខេត្តត្បូងឃ្មុំស្តីទី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ តាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ពីសណាក់ សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ សំដៅធ្វើយ៉ាងណា កែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អរួមទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ដូចដែលបានចែងជាធរមាន។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលល្អតាមការគ្រោងទុក។

ឯកឧត្តមប្រធាន ក៏បានជម្រុញ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាយ្យការអមសាលាដំបូងខេត្ត លោក-លោកស្រី ជាថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្ត ត្រូវពង្រឹងអនុវត្តបំពេញតួនាទីឲ្យខ្ជាប់ខ្ជួន មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ត្រៀមរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលត្រូវអនុវត្តនាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនោះ រដ្ឋបាលខេត្ត បានត្រៀមរៀបចំការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាស ឯកឧត្តម ប៉ែន កុសល ជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ និងអញ្ជើញចូលរួមឲ្យបានគ្រប់ៗគ្នា៕