បណ្តាញសង្គម

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកតំបែរ ដើម្បីបង្កើនភាពស្និតស្នាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ

ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ យើងជាមន្ត្រីត្រូវបម្រើប្រជាជន ពោលគឺត្រូវផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅ ជូនពលរដ្ឋដែលមករកសេវាសារធារណៈ ពិសេសបង្ក្រាប់ ទប់ស្កាត់ អោយខាន់តែបានរាល់បទល្មើសនានា ទើបទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទៅលើការដឹកនាំរបស់អាជ្ញាធរ។

ការថ្លែងបែបនេះ ធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដែរ ឯកឧត្តម និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត អភិបាល/អភិបាលរងស្រុកតំបែរ មេឃុំ មេប៉ុស្តិ៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ថែមពីនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់រដ្ឋបាលស្រុកតំបែរ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពបន្ថែមទៀត ជាពិសេសរក្សាបាននៅសាមគ្គីភាព រួបរួមគ្នា និងបំពេញនៅកិច្ចការងារភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរដើម្បីជួយឱ្យខេត្តត្បូងឃ្មុំ ទទួលបានភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តទៀត។

ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតំបែរ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់ ជាមួយគ្នានេះត្រូវដឹកនាំមន្រ្តីជំនាញរដ្ឋបាលបម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងនៃនេះ មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ត្រូវបង្កើនសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋាន និងអត្តសញ្ណាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្រុកតំបែរទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីភាពរីកចម្រើនរបស់រដ្ឋបាលស្រុកទាំងមូល។

ពិសេសក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ពីថ្នាក់ខេត្ត ដល់ភូមិ បន្តខិតខំជំរុញការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឲ្យល្អប្រសើរ ការពារឲ្យមានសុខដុមរមនា ផ្លូវកាយ និងផ្លូវចិត្ត តម្កល់ទុកនូវផលប្រយោជន៍ប្រជាជនជាធំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រកាសថានឹងរៀបចំទូងស្គរ វាយគង ប្រគុំតន្ត្រីខ្នាតធំ និងអុជកាំជ្រួច រយៈពេល៥ថ្ងៃ ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

បើតាមរបាយការណ៍របស់លោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ បានឲ្យដឹងថា ៖ ស្រុកតំបែរ មានផ្ទៃដីទំហំ៧៩២គីឡូម៉េត្រក្រឡា ចែកចេញជា៧ឃុំ និងមានភូមិចំនួន៨៣។

មានគ្រួសារប្រជាពលរដ្ឋសរុបចំនួន ២១,១៣០គ្រួសារ។

ចំពោះផ្ទីដីស្រែវស្សាចំនួន ១២.០០០ហ.ត. ភ្ជួររាស់បានចំនួន ១១,៣០០ហ.ត ស្មើ៩៤% ផ្ទៃដីស្រែប្រាំងចំនួន ៣៥០ ហ.ត ផ្ទៃដីដាំដំណាំដំឡូងមី ១៧.០៥០ហ.ត ដាំដុះបាន ១៥,៥៥៦ ហ.ត ស្មើរ៩១% បន្លែគ្រប់មុខ១៥០ហ.ត ដាំដុះបាន១៥០ហ.ត ស្មើ១០០% ដំណាំកៅស៊ូគ្រួសារមានចំនួន១៦.៨៥០ហ.ត ក្នុងនោះប្រមូលផល១៣.៤០០ហ.ត ទិន្នផលជ័រស្ងួតមធ្យម១.៤តោន/ហ.ត ស្វាយចន្ទីរ៥.៧៥០ហ.ត ក្នុងនោះប្រមូលផល៤.០២៥ហ.ត ស្វាយកែវរមៀត១.១១៥ហ.ត ម្រេច៤៧ហ.ត និងទុរេន១១៥ហ.តផងដែរ៕