បណ្តាញសង្គម

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាទួលវិហារ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ចំនួន ០១ខ្នង ០៥បន្ទប់ បំពាក់នូវគ្រឿងសង្ហារឹម នៅសាលាបឋមសិក្សាទួលវិហារ ស្ថិតក្នុងភូមិទួលចំការ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ប្រភេទ មន្ទីរ/អង្គភាពជុំវិញខេត្ត លោកស៊ិហ្គេយ៉ាស៊ឹ ម៉ាស៊ឹណាហ្គា និងលោកស្រី យឺមិ អ៊ិស៊ិម៉ូតូ ម្ចាស់ជំនួយ ប្រធាន/អនុប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល/អភិបាលរងស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា៦០០នាក់។

នាឱកាសនោះលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានរអាននៅរបាយការណ៍ស្វាគមន៍ ព្រមទាំងបានលើកឡើងថា៖ ស្រុកពញាក្រែក មានផ្ទៃដីសរុបចំនួន ៧៧៣.៧០គីឡូម៉ែត្រការ៉េ មាន៨ឃុំ និង១៥០ភូមិ មានប្រជាពលរដ្ឋសរុបចំនួន៣៧,៦១៣គ្រួសារ ក្នុងនោះស្រុកពញាក្រែកមានសាលារៀនសរុបចំនួន៨០សាលា ក្នុងនោះមានវិទ្យាល័យចំនួន ៤សាលា អនុវិទ្យាល័យចំនួន ៨សាលា និងបឋមសិក្សាចំនួន៦៨សាលា សិស្សានុសិស្សផ្នែកខាងមធ្យមសិក្សាមានសិស្សសរុប ៨,៩០១៤នាក់ ស្រី ៤,៩៣៨នាក់ ផ្នែកបឋមសិក្សាមានសិស្សសរុបចំនួន ១៩,០១៤នាក់ ស្រី៩,២៤៩នាក់ និងផ្នែកមត្តេយ្យសិក្សាមានសិស្សសរុបចំនួន ៣,៣៥១នាក់ ស្រី១,៧២៩នាក់ផងដែរ។ លោក បន្តថា ៖ អាគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាទួលវិហារ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធនាពេលនេះ គឺក្នុងគោលបំណងដើម្បីឱ្យប្អូនៗសិស្សានុសិស្សបានសិក្សារៀនសូត្រ និងដើម្បីបង្កើននៅវិស័យអប់រំតាមរយៈការបណ្តុះបណ្តាលនៅក្នុងសាលារៀនផងដែរ។

មានប្រសាសន៍សំណេះសំណាល់នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាន អបអរសាទរ និងកោតសរសើរចំពោះស្រុកពញាក្រែកយើងដែលមានវឌ្ឍនភាពល្អប្រសើរ ព្រមជាមួយការសម្ពោធអាគារសិក្សាថ្មី១ខ្នងនេះ គឺនិងកាន់តែធ្វើឱ្យស្រុកពញាក្រែកកាន់តែទទួលបានភាពរីកចម្រើនលើផ្នែកវិស័យសិក្សាធិការ និងប្រសិទ្ធិភាពខ្ពស់ក្នុងការអប់រំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមវិភាគគទានដល់ការកសាងសមិទ្ធិផលទាំងនេះ នាពេលកន្លងមក ជាពិសេសម្ចាស់ជំនួយ លោកស៊ិហ្គេយ៉ាស៊ឹ ម៉ាស៊ឹណាហ្គា និងលោកស្រី យឺមិ អ៊ិស៊ិម៉ូតូ ដែលបានជួយឧបត្ថម្ភក្នុងការកសាងអាគារសិក្សាថ្មី១ខ្នងនេះ រួមទាំងសមិទ្ធិផលដទៃទៀតផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ៖ សមិទ្ធិផលទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីការចូលរួមចំណែករបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ដែលសកម្មភាពទាំងនេះ គឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញវិស័យអប់រំឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ ក្នុងគោលដៅបង្កើនធនធានមនុស្សស្របតាមការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើវិស័យសំខាន់ៗ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលគោលនយោបាយនេះគឺធ្វើយ៉ាងណាសំដៅឱ្យកម្ពុជាយើងឈានឆ្ពោះទៅទទួលបានការអភិវឌ្ឍន៍ជឿនលឿន និងប្រជាជនមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាយើង ឱ្យរីកចម្រើន ជាពិសេសគឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងសេដ្ឋកិច្ចពិសេសតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាយើងដំបូងគេដែលនិងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមានភាពរីកចម្រើន និងទទួលបានចំណូលខ្ពស់តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹកត្រង់ទៅកាន់ប្រទេសដទៃទៀត។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ល្អៗដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ ដោយបានបង្ហាញថា ផ្លូវរបស់ប្អូនៗនៅវែងឆ្ងាយ សូមប្អូនៗក្មួយៗព្យាយាមសិក្សារៀនសូត្រ និងជៀសឱ្យឆ្ងាយពីក្រុមក្មេងទំនើង គ្រឿងញៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរក្សាបាននៅសុវត្ថិភាពផ្ទាល់ខ្លួន និងសហគមន៍របស់យើង មួយវិញទៀតត្រូវចូលរួមថែរក្សាអនាម័យទីធ្លាសាលា និងទីសាធារណៈដើម្បីធ្វើឱ្យបរិស្ថានយើងស្អាតល្អ។

ចប់ប្រសាសន៍សំណេះសំណាល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយ និងថវិការជូនដល់ លោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន ថវិការ៥ម៉ឺនរៀល និងប្អូនៗសិស្សានុសិស្សទទួលបានសម្ភារៈសិក្សា និងថវិការ៥ពាន់រៀល ព្រមទាំងកាត់ខ្សែបូរណ៍សម្ភោធឆ្លងអាគារសិក្សា១ខ្នងជាផ្លូវការផងដែរ៕