បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើយុទ្ធនាការចែកមុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ ដល់ក្រុមគ្រួសារគោលដៅ ចំនួន ៧១០ គ្រួសារ (ស្មើនឹង ៣,៣១៩មុង) ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីយុទ្ធនាការចែកមុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ ដល់ក្រុមគ្រួសារគោលដៅ ចំនួន ៧១០ គ្រួសារ (ស្មើនឹង ៣,៣១៩មុង) ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៅបរិវេណស៊ូរ៉ាវឥស្លាម ទី ៩ ស្ថិតនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

យុទ្ធនាការនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ម៉ា សុខន ប្រធានកម្មវិធីគ្រុនចាញ់ នៃមន្ទីរសុខាភិបាលខេត្ត លោកអនុប្រធាន និងមន្ត្រីសម្របសម្រួល នៃការិយាល័យស្រុកប្រតិបត្តិក្រូចឆ្មារ លោក លោកស្រី អភិបាលរងស្រុក មេឃុំ សមាជិកឃុំ និងប្រជាពលរដ្ឋ ជាច្រើន រូប ។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត ម៉ា សុខន ប្រធានកម្មវិធីគ្រុនចាញ់ខេត្ត បានធ្វើរបាយការណ៍សង្ខេប ដោយបានបង្ហាញពីសកម្មភាព ផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ របស់មន្ទីរសុខាភិបាលខេត្ត រួចមក ឯកឧត្តម ហុក ពេជ្រហោះ មានប្រសាសន៍លើកឡើងថា បច្ចុប្បន្ន ជំងឺគ្រុនចាញ់ នៅតែបន្តការយាយីដល់អាយុជីវិតមនុស្ស និងធ្វើឱ្យខាតបង់ផលិតភាពមនុស្សធ្ងន់ធ្ងរ បង្កផលប៉ះពាល់ ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច-សង្គម នៅកម្ពុជា និងពិភពលោក។

ទន្ទឹមនោះ ប្រទេសកម្ពុជាយើង ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននឹងកំពុងតែដើរលើផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោក ក្នុងការគាំទ្រ និងដាក់ចេញផែនការសម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ធ្វើឲ្យអាត្រាជំងឺនេះ បានថយចុះជាបន្តបន្ទាប់ ។

ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំឮកដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពន្លឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ដែលផ្ដោតសំខាន់លើការផ្តល់សេវា រោគវិនិច្ឆ័យ និងការព្យាបាលករណីជំងឺគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាល ប្រជាពលរដ្ឋចល័ត ជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារ ព្រមទាំងជនជាតិដើមភាគតិច ដែលប្រឈមនឹងហានិភ័យខ្ពស់ ដោយគ្មានការរើសអើង។

ឯកឧត្តម ហុក ពេជ្រហោះ បានគូសបញ្ជាក់ថា ជំងឺគ្រុនចាញ់ មិនឆ្លងពីមនុស្សទៅមនុស្សផ្ទាល់ទេ ជំងឺនេះ អាចឆ្លងតាមរយៈមូសដែកគោលញីខាំ ដោយបន្តចម្លងទៅមនុស្សម្នាក់ទៀត ហើយមានគ្រោះថ្នាក់ខ្លាំង ចំពោះកុមារ ដែលមានអាយុក្រោម ៥ ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងអ្នកផ្ទុកមេរោគអេដស៍ ជាដើម។

ឯកឧត្តម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឱ្យមូសខាំ ដែលសកម្មភាពនេះ ជាការចូលរួមដ៏សំខាន់ ក្នុងការបង្ការពីជំងឺគ្រុនចាញ់ ដ៏មានប្រសិទ្ធភាព៕