បណ្តាញសង្គម

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ២ នាំយកឱសថ ចំនួន ១១ មុខ សរុបចំនួន៣៤២កេះ ជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់ការិយាល័យប្រតិបត្តិស្រុក និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម បានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញនាំយកអំណោយជាឱសថ ចំនួន ១១ មុខ សរុបចំនួន ៣៤២កេះ ដែលជាជំនួយមនុស្សធម៌ របស់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់ការិយាល័យប្រតិបត្តិស្រុក និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រាប់ប្រើប្រាស់នៅ តាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យសុខាភិបាល សុខុមាលភាពប្រជាពលរដ្ឋ ។

ពិធីនេះប្រព្រឹត្តទៅ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលស្រុកក្រូចឆ្មារ តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ និងក្រុមគ្រូពេទ្យជាច្រើនរូប។

ឯកឧត្តម ម៉ម ប៊ុននាង បានលើកឡើងថា អំណោយជាឱសថ ដែលបាននាំមកប្រគល់ជូន ការិយាល័យប្រតិបត្តិស្រុក និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ នាពេលនេះ គឺជាជំនួយមនុស្សធម៌ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ដែលតែងបានផ្តល់ជាជំនួយមនុស្សធម៌យ៉ាងច្រើន ជូនដល់ព្រឹទ្ធសភាកម្ពុជា ក្នុងគោលបំណេងជួយលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ និងកុមារ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។

ជាពិសេស បានចូលរួមចំណែកចំពោះការលើកកម្ពស់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកចំពោះការលើកកម្ពស់ការងារសុខាភិបាល របស់អាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តម បានបន្តថា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គឺតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និង ការលំបាក ជាពិសេសបញ្ហាសុខសភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ហើយការថែរក្សាសុខភាព គឺជាកត្តាចម្បងបំផុត ដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។

ទន្ទឹមនោះដែរ អំណោយមនុស្សធម៌ដែលទទួលបានពីមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ តែងបានផ្តល់ទៅតាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគនានា និងបណ្តាខេត្តផ្សេងៗ ទៀតផងដែរ។

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានផ្តាំផ្ញើរដល់ មន្រ្តីសុខាភិបាល ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យកាន់តែល្អបន្ថែមទៀត ក្នុងការពិនិត្យ ព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ព្រមទាំង ប្រើប្រាស់ជំនួយទាំងនេះ ដោយមានការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហួត គា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រូចឆ្មារ និងតំណាងឲ្យមន្រ្តីសុខាភិបាល បានថ្លែងអំណរគុណ ដល់ស្ថាប័នព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់មន្ទីរពេទ្យបង្អែកស្រុក ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិតប្រធានការិយាល័យ ក៏បានស្នើបន្ថែមនូវសម្ភារៈមួយចំនួន ជាតម្រូវការរបស់មន្ទីរពេទ្យ ខណៈដែលមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ព្រមទទួលយកសំណើទាំងនោះផងដែរ៕