បណ្តាញសង្គម

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម) ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជូបសំណេះសំណាល ជាមួយ អាជ្ញាធរស្រុកក្រូចឆ្មារ ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ និងអ្នកពាក់ព័ន្ធប្រមាណជាង ១០០ នាក់ នៅសាលប្រជុំសាលាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពី លោក សយ ទូច អភិបាល នៃគណៈអភិបាលស្រុកក្រូចឆ្មារ បានឡើងមានមតិស្វាគមន៍ រួចមក ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបង្ហាញសមាសភាព មុខងារតំណាង រាយការណ៍ និងផ្សព្វផ្សាយ នូវសកម្មភាពរបស់ព្រឹទ្ធសភា ជូនដល់អង្គពិធីជ្រាប និងបានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គបោះឆ្នោត នៃខេត្តត្បូងឃ្មុំ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតព្រឹទ្ធសភានាពេលកន្លងទៅ ដោយបានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋាន។

ក្នុងកិច្ចប្រជុំ ក៏មានការលើឡើងជាសំណូម និងបញ្ហាប្រឈមនានា របស់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា ដោយទទួលបាលការស្រាយបំភ្លឺ និងមានដំណោះស្រាយ ពីសំណាក់អ្នកពាក់ព័ន្ធផងដែរ ។

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមរួបរួមគ្នា និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តថែរក្សាសុខសន្តិភាពឲ្យកាន់តែរឹងមាំគង់វង្សយូរអង្វែង និងប្រឆាំងដាច់ខាតចំពោះឧបាយកល របស់ពួកអមិត្ត ឬក្រុមប្រឆាំងដែលប៉ុនប៉ងបង្កអស្ថិរភាពនយោបាយ ទោះស្ថិតក្នុងរូបភាពណាក៏ដោយ។

បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានសំណូមពរដល់គ្រប់ថ្នាក់ដឹកនាំ ពិសេសក្នុងមូលដ្ឋានឃុំ-ភូមិ ត្រូវបន្តយកចិត្តទុកដាក់ បន្តធានារក្សាឲ្យបាននូវសុខទុក្ខប្រជាពលរដ្ឋ និងត្រូវក្តាប់ឲ្យបាននូវរាល់បញ្ហាប្រឈមនានា ធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ។

ចប់ពិធីសំណេះសំណាល ឯកឧត្តម ឡាន់ ឆន ក៏បានថ្លែងអំណរគុណ ចំពោះគាំទ្រ គម្រោងការសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជាប្រយោជន៍រួមសម្រាប់ខ្មែរយើងទាំងមូល និងបានប្រគល់ថវិកាមួយមួយចំនួន ជូនដល់ មេឃុំទាំង ១២ ឃុំ ក្នុងស្រុកក្រូចឆ្មារ ផងដែរ៕