បណ្តាញសង្គម

បើកបរក្នុងល្បឿនលឿន សង្ស័យបួងចង្កូតជ្រុលក្រឡាប់ស្លាប់ភ្លាមៗ ត្រង់ចំណុចផ្លូវគីឡូលេខ១២

ខេត្តត្បូងឃ្មុំ ៖ រថយន្ត១គ្រឿង បោះពួយយ៉ាងលឿន បានក្រឡាប់ខ្លួន ឯងជាច្រើនត្រឡប់ បណ្តាលឲ្យអ្នក បើកបរខ្ទាតចេញ ពីរថយន្តស្លាប់ ភ្លាមៗតែម្តង ។

ករណីក្រឡាប់ រថយន្តនេះ បានកើតឡើងនៅ វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លើផ្លូវក្រាល គ្រួសក្រហម (ផ្លូវចិន) ត្រង់ចំណុចគីឡូលេខ១២ ស្ថិតនៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ប្រភពពីនគរបាល ចរាចរណ៍បានឲ្យដឹងងថា រថយន្តដែលក្រឡាប់ ម៉ាកហាយឡិនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ2A.0256 បើកបរដោយឈ្មោះ ខោល រ៉ាម៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ នៅភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានស្លាប់នៅកន្លែង កើតហេតុ ។ សាក្សីនិយាយឲ្យដឹងថា រថយន្តខាងលើបើកក្នុងទិសដៅ ពីស្រុកឆ្លូងឆ្ពោះ មកស្រុកមេមត់ ពីខាងលិចមកកើត ក្នុងល្បឿនលឿនគួរសម ។

លុះធ្វើដំណើរមកដល់ ចំណុចកើតហេតុសង្ស័យ បួងចង្កូតជ្រុល បានក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យអ្នកបើកបរ ខ្ទាតចេញពីរថយន្ត ស្លាប់ភ្លាមៗតែម្តង រីឯរថយន្តរង ការខូចខាតកម្រិតធ្ងន់ ។ ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានចុះមកពិនិត្យ តាមជំនាញ រួចបានរៀបចំស្ទូចរថយន្ត យកមករក្សាទុកបណ្តោះអាសន្ន ។ ចំណែកសពត្រូវបាន ក្រុមគ្រួរសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។