បណ្តាញសង្គម

ប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ១៥៣គ្រួសារដែលរងគ្រោះក្នុងឆ្នាំ២០១៧ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តឆ្លើយតប ដោយផ្តល់ជូនអំណោយមនុស្សធម៍ភ្លាមៗ

(ត្បូងឃ្មុំ)៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ២០១៨ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការ អនុសាខាតាមក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធនោះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅពេលមានឧប្បតិវហេតុកើតឡើង សាខាកាកបាទក្រហមខេត្ត និងអនុសាខាតាមបណ្តាក្រុង-ស្រុកទាំង៧ បានធ្វើការឆ្លើយតបភ្លាមៗទាន់ពេលវេលា ដោយនាំយកមនុស្សធម៍ផ្តល់ជូនគ្រួសាររងគ្រោះសរុបចំនួន ១៥៣គ្រួសារ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧កន្លងទៅនេះ។

ឯកឧត្តម លី ឡេង បន្តឲ្យដឹងថា គ្រួសារដែលរងគ្រោះទាំង ១៥៣គ្រួសារនោះ រួមមាន ភ្លើងឆេះផ្ទះចំនួន២០គ្រួសារ, ខ្យល់កន្ត្រាក់របើកដំបូលទាំងស្រុង ចំនួន៣៥គ្រួសារ, ជនពិការចំនួន៤គ្រួសារ, ប្រជាពលរដ្ឋជួបការលំបាក និងចាស់ជរា ចំនួន៦៦គ្រួសារ, បាក់ច្រាំងទន្លេចំនួន៦គ្រួសារ, សួរសុខទុក្ខអ្នកជម្ងឺ ចំនួន៤គ្រួសារ និងចូលបុណ្យសព ចំនួន១៨គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានឃីត១កញ្ចប់ ដោយមានសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ដោយផ្អែកទៅតាមស្ថានភាពរងគ្រោះ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត លើកឡើងថា រាល់ការចុះសួរសុខទុក្ខ និងចែកជូនអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាក រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ កុមារកំព្រា សុខភាពមាតា ទារកនិងកុមារ លោកផ្ទាល់ ក៍ដូចជាសមាជិកសមាជិកាកាកបាទក្រហមខេត្តគ្រប់រូប បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៍សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាលអ្វីឡើយ ។

ឯកឧត្តម លី ឡេង ប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានជំរុញឲ្យគណៈកម្មាធិការសាខា អនុសាខាទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងលើវិស័យស្នូលទាំងបួន របស់កាកបាទក្រហមកម្ពុជារួមមាន៖ ទី១. ការឆ្លើយតបគ្រោះមហន្តរាយ, ទី២. ការងារសុខភាព និងការថែទាំសុខភាពសហគមន៍, ទី៣. ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធម៌ និងទី៤. ការងារអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ដើម្បីសម្រេចបាននូវការងារជាអាទិភាពរបស់ខ្លួនក្នុងសកម្មភាពមនុស្សធម៌ អោយកាន់តែខ្លាំងក្លាថែមទៀត៕