បណ្តាញសង្គម

ជិះម៉ូតូឆ្លងថ្នល់ មិនប្រយ័ត្ន រថយន្តហាយឡែនឌ័រ បុកបាក់ជើងខាងស្តាំ

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាល ពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ៦០ - ៦១ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច បណ្តាលបុរសម្នាក់ បានរងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ បើកបុក ខណៈដែលបុរសរងគ្រោះ ជិះម៉ូតូឆ្លងថ្នល់ មិនបានប្រុងប្រយ័ត្ន ។

ប្រភពពីពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L.8326 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងល្បឿនយ៉ាងលឿន ពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែបុរសរងគ្រោះ ឈ្មោះ សួន ធូ អាយុជាង៤៥ឆ្នាំ មានទីលំនៅភូមិបឹងកក់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ជិះម៉ូតូធុនសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1A.5572 បើកបរឆ្លងផ្លូវ ពីលិចទៅកើតមិនបានប្រយ័ត្ន ក៏ត្រូវរថយន្តបុកយ៉ាង ពេញទំហឹងអូសចំងាយជាង ២០ម៉ែត្របណ្តាល ឱ្យរងរបួសបាក់ជើងខាងស្តាំ និងម៉ូតូខូចខាតទាំង។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាច ដោយឡែក រថយន្តបង្ក បានបើកគេចយកមក លាក់ទុកនៅ ឡឥដ្ឋចាស់មួយកន្លែង ដែលមានចម្ងាយ ជាង៤គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ហើយអ្នកបើកបរបាន គេចខ្លួនបាត់ទុករថយន្តចោល ។ បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច រង់ចាំម្ចាស់ចូលមក ដោះស្រាយតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល