បណ្តាញសង្គម

សោកស្តាយណាស់…ល្បិចទម្លាក់​យោង នៅតែ​អាចធ្វើស៊ីបាន​យ៉ាង​ស្រួល

រាជធានីភ្នំពេញ ៖ ល្បិចបោករបស់ក្រុមទម្លាក់យោងយកកាឡៃដូរមាស កើតមានជាយូរមកហើយ និងមានអ្នករងគ្រោះ ដោយការចាញ់បោកក្រុមនេះមិនតិចនាក់ឡើយ ចំណែកសារព័ត៌មាននានាក៏តែងតែធ្វើការផ្សព្វផ្សាយពីល្បិចកលបោកនោះជាបន្តបន្ទាប់ដែរ ។

ប៉ុន្តែទោះជាបែបនេះក្ដី ល្បិចនេះនៅតែមានប្រសិទ្ធភាពក្នុងការបោកយកគ្រឿងអលង្ការ លុយ ឬទូរស័ព្ទពីអ្នកដែលធ្លាក់ខ្លួនចូលក្នុងអន្ទាក់ល្បិចរបស់ក្រុមជនខិលខូចទាំងនោះ ឲ្យអន្ទងបោកបានសម្រេចព្រោះតែមានចិត្តលោភលន់របស់ខ្លួន ។

ជាក់ស្ដែង កម្មការិនីម្នាក់បានត្រូវក្រុមទម្លាក់យោងប្រើល្បិចដោះយកគ្រឿងអលង្ការលុយកាក់ និងទូរស័ព្ទអស់ពីខ្លួន បន្ទាប់មកក្រុមជននេះនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ចំណែកនាងកម្មការិនី បានមកវិញត្រឹមតែគ្រឿងអលង្ការកាឡៃកាន់យកទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយតែប៉ុណ្ណោះ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២៤ ខែមិថុនា ដែលដំបូងនារីរងគ្រោះបានជួបក្រុមចោរនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

បន្ទាប់ពីប្រើល្បិចរហូតនាងជឿជាក់ទាំងស្រុងហើយ ក្រុមចោរបានាំនាងទៅដោះយកទ្រព្យគ្រឿងអលង្ការនៅក្នុងបុរីសែនមនោរម្យ ស្ថិតក្នុភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

កម្មការិនីរងគ្រោះខាងលើឈ្មោះ ហួន មួយ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ហើយចំពោះការបាត់បង់មាន ខ្សែកមាស២ជី ក្រវិល៣ហ៊ុន លុយ១០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកOPPO មួយគ្រឿង ។

កម្មការិនីរូបនេះបានឲ្យដឹងថា មុនកើតហេតុនាងបានដើរចេញពីផ្ទះជួលទៅរកទិញម្ហូបនៅផ្សារត្រពាំងពោធិ៍ ។ ពេលទៅដល់ពាក់កណ្តាលផ្លូវបានជួបនឹងបុរសម្នាក់ដើរមកជិតនាងរួចសួរនាងថា «មានគេជ្រុះបាត់ថង់មាសពណ៌ក្រហម១តើមានបានឃើញទេ ? ពេលនោះនាងឆ្លើយថា មិនបានឃើញ មិនបានដឹង ទេ»។បន្ទាប់មក ស្រាប់តែលេចមុខស្ត្រីម្នាក់ដើរមកដល់ប្រាប់ថាកុំមាត់ មានស្ត្រីម្នាក់ផ្សេងទៀតរើសបានប្រគល់ឲ្យខ្លួនទុក រួចហើយស្ត្រីនេះលាតមាត់ថង់ឲ្យនាងមើលឃើញសុទ្ធតែគ្រឿង អលង្ការក្រហមច្រាលពេញកូនថង់ ។

មិនតែប៉ុណ្ណោះ ស្ត្រីរូបនេះថែមទាំងនិយាយប្រាប់នាងថា «តែមិនថ្វីទេចាំចែកគ្នាយើង អ្នកដែលដឹង រឿង» និងបាននិយាយបញ្ចុះបញ្ចូលទៅរកកន្លែងចែកគ្នា ហើយនាងក៏ព្រមទៅជាមួយជនទាំងនោះ។កម្មការិនីរងគ្រោះរៀបរាប់ទៀតថា បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាហើយ ជនសង្ស័យបាននាំនាងជិះម៉ូតូទៅរកកន្លែងចែកគ្នា ។

ពេលទៅដល់មុខផ្សារជម្ពូវ័ន ពួកគេប្រាប់នាងថា មនុស្សច្រើនណាស់មិនអាចចែកគ្នាទីនេះបានទេ ខ្លាចគេដឹង រួចក៏ឌុបបន្តរហូតចូលដល់ក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ទើបឈប់ ។ខណៈនោះ ស្ត្រីរូបនេះបានបើកមាត់ថង់ឲ្យមើលម្តងទៀត ហើយបន្តិចក្រោយមកបានហុចថង់ក្រហមនោះឲ្យនាងកាន់ទុក រួចប្រាប់ថាឲ្យនាងយកមាសនៅក្នុងថង់ទាំងអស់ទៅ មិនបាច់ចែកគ្នាទេនាំម្ចាស់គេមកទាន់ ដោយសុំដោះយកតែគ្រឿងអលង្ការនៅជាប់ខ្លួននាងនិងលុយកាក់ ព្រមទាំងទូរស័ព្ទរបស់នាងប៉ុណ្ណោះ ។

ដោយសារតែមិនបានគិតវែងឆ្ងាយ ហើយឃើញមាសនៅក្នុងថង់ច្រើនជាងរបស់ជាប់ខ្លួនទើបនាងយល់ព្រម ។ បន្ទាប់មក ជនសង្ស័យបានដោះយកខ្សែក លុយនិងទូរស័ព្ទពីខ្លួននាងអស់ រួចហើយនាំគ្នាគេចខ្លួនបាត់អស់ទៅ ។

ក្រោយពីក្រុមជននេះចេញទៅអស់ នាងស្រាយមាត់ថង់មើលឃើញខ្សែកមួយខ្សែក្រហមច្រាល ក៏កាន់ទៅឱ្យអ្នកជិតខាងជួយមើលទើបដឹងថាជាខ្សែកកាឡៃ ហើយដឹងថាចាញ់ល្បិច ជនសង្ស័យ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ៕

ដកស្រង់ពី៖កោះសន្តិភាព