បណ្តាញសង្គម

ទើប​ទិញ​ទូរស័ព្ទ​បាន​២​ថ្ងៃ​ត្រៀម​បើក​លក់ ស្រាប់តែ​ជួប​រឿង​បែប​នេះ​ទៅ​វិញ

រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចហាងលក់ទូរស័ព្ទមួយកន្លែងទើបបើកថ្មី ដែលមានទីតាំងស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីម្ចាស់ហាងខាងលើបើកតូបលក់ដូរស្រាប់តែបាត់ទូរស័ព្ទថ្មីៗដែលគាត់ទើបនឹងទិញមកបានរយៈពេល២ថ្ងៃប៉ុណ្ណោះ ដើម្បីត្រៀមនឹងដាក់លក់ បន្ទាប់ពីធ្វើពិធីសម្ពោធហាងតូចតាចមួយនាពេលខាងមុខរួច ។

ប៉ុន្តែនៅមិនទាន់ដល់ថ្ងៃសម្ពោធយកហុងស៊ុយនិងលាភសំណាងផងក៏ត្រូវជួបរឿងបែបនេះទៅវិញ ហើយគាត់ក៏បានប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍សំរោងក្រោមជួយស្វែងរកក្រុមជនសង្ស័យផងដែរ។តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ហាងខាងលើនោះឈ្មោះ ពៅ ម៉ាលី ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

ចំណែកក្រុមជនសង្ស័យមិនដឹងថាមានគ្នាប៉ុន្មាននាក់នោះឡើយ។ ក្រុមជនសង្ស័យបានគាស់ធ្វើសកម្មភាពបើកដំបូល និងចោះប្រហោងទម្លោះពិតានម្នាងសិលាទំហំប៉ុនតួខ្លួន រួចយកអង្រឹងនីឡុងចងទម្លាក់តាមប្រហោងពិតាននោះ។តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា បន្ទាប់មកបានសម្រូតចុះតាមអង្រឹងនោះចូលទៅក្នុងហាង លុះពេលលួចយកទូរស័ព្ទជាង៥០គ្រឿងបានសម្រេចហើយក៏បានដកគន្លឹះទ្វាររួចបើកទ្វារមុខរត់គេចខ្លួនបាត់ស្រមោលអស់តែម្ដង។

តាមប្រភពពីស្ត្រីជាម្ចាស់ហាងខាងលើបានប្រាប់នគរបាលឱ្យដឹងថា ក្រោយពីធ្វើហាងរួច គាត់មិនទាន់បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅឡើយទេ ហើយគាត់បានទិញទូរស័ព្ទថ្មីៗសុទ្ធតែក្នុងប្រអប់មកដាក់ក្នុងទូស្តុកត្រៀមទុកសម្រាប់ដាក់លក់ បន្ទាប់ពីការសម្ពោធហាងនាថ្ងៃខាងមុខនេះ ។ ប៉ុន្តែមិនទាន់ដល់ថ្ងៃសម្ពោធផង ស្រាប់តែត្រូវក្រុមជនសង្ស័យចូលលួចយកអស់បែបនេះតែម្តង ។

តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ មុនចូលគេងនៅក្នុងបន្ទប់ខាងក្រោយ គាត់បានបិទទ្វារហាងដោយខ្ទាស់គន្លឹះពីខាងក្នុងត្រឹមត្រូវមិនហ៊ានធ្វេសប្រហែសឡើយ ហើយក៏មិននឹកស្មានថាត្រូវភ្លាត់ស្នៀតបែបនេះសោះ។តាមប្រភពដដែលបានបន្តទៀតថា លុះព្រឹកឡើងក្រោយពីភ្ញាក់ពីដំណេកធ្វើឲ្យគាត់ និងក្រុមគ្រួសារមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញទ្វារហាងរបើក និងឃើញពិតានម្នាងសិលាធ្លោះធ្លាយ ព្រមទាំងមានអង្រឹងនីឡុងចងទម្លាក់ចុះតាមប្រហោងពិដាននោះ ហើយទូរស័ព្ទថ្មីៗដែលទើបនិងទិញសម្រាប់ទុកដាក់លក់ក៏បានបាត់អស់រលីងពីក្នុងទូ ។

បន្ទាប់មកគាត់រាយការណ៍ជូននគរបាលប៉ុស្តិ៍សំរោងក្រោមឲ្យចុះមកពិនិត្យមើលជាក់ស្ដែង និងប្ដឹងសុំឲ្យនគរបាលជួយធ្វើការស្រាវជ្រាវវែកមុខក្រុមជនសង្ស័យដើម្បីឈានដល់ការចាប់ខ្លួនចាត់ការតាមច្បាប់។

តាមប្រភពពីអ្នកភូមិបាននិយាយថា ក្រុមជនសង្ស័យទាំងនោះហ៊ានខ្លាំងហើយ មុននឹងធ្វើសកម្មភាព គឺក្រុមជនសង្ស័យបានស៊ើបយ៉ាងច្បាស់លាស់ថែមទៀតផង ព្រោះនៅតាមផ្លូវនោះក៏ពុំមែនងងឹតឈឹងដូចមុនឡើយ គឺមានភ្លើងបំភ្លឺផ្លូវភ្លឺយប់ឡើងចិញ្ចាច។

ម្យ៉ាងក្រុមជនសង្ស័យខាងលើក៏មានជំនាញខ្លាំងណាស់ដែរដោយនឹកឃើញប្រើវិធីឡើងបើកដំបូល និងចោះពិតានសម្រូតខ្លួនចោលទៅក្នុងហាង ហើយពេលលួចបាន ក៏បើកគន្លឹះទ្វាររត់គេចខ្លួនបាត់បែបនេះ ។ ទោះបីជាបែបណា សង្ឃឹមថានគរបាលនឹងវែកមុខក្រុមជនសង្ស័យទាំងនេះឃើញទៅចុះ៕

ដកស្រង់ពី៖FRESH NEWS