បណ្តាញសង្គម

ចោរកំពូលឆ្លាត…ម្ចាស់ម៉ូតូ​ចាក់សោ លួច​ដោះ​​យកកង់​​​​អស់

ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា ប្រជាពលរដ្ឋម្នាក់ត្រូវបានចោរលួចដោះកង់ម៉ូតូទាំងមុខទាំងក្រោយយកទៅបាត់ ពេលគាត់ជិះម៉ូតូទៅមើលស្រែ ដោយបានចាក់សោទុកចោលនៅក្បែរមាត់ផ្លូវ កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៣១ កក្កដា នៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រងបាត់ដំបង ។

ព័ត៌មាននេះ ត្រូវបានគេផ្សព្វផ្សាយតាមបណ្ដាញសង្គមនានានៅក្នុងខេត្ត ក្រោយពេលហេតុការណ៍បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ។ ប៉ុន្តែរហូតត្រឹមម៉ោង២រសៀលថ្ងៃដដែលនេះ បែរជាសមត្ថកិច្ចមូលដ្ឋានមិនទាន់មានរបាយការណ៍ព្រឹត្តហេតុនេះនៅឡើយ សូម្បីតែឈ្មោះជនរងគ្រោះម្ចាស់ម៉ូតូ ក៏គ្មានមន្ត្រីណាបានស្គាល់ដែរ ។

បើតាមមន្ត្រីម្នាក់បានប្រាប់ថា ម៉ូតូនោះម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1U-6199 តែគេមិនទាន់ស្គាល់ឈ្មោះម្ចាស់ម៉ូតូនៅឡើយទេ ។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅព្រឹកកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅមើលស្រែនៅកន្លែងកើតហេតុ ហើយពេលនោះ គាត់ទុកម៉ូតូចោលនៅក្បែរផ្លូវ និងក្បែរមាត់ស្រែ រួចដើរទៅមើលស្រែបាត់ ។

ប៉ុន្តែនៅពេលគាត់ត្រឡប់មកកន្លែងដើមវិញ ស្រាប់តែឃើញម៉ូតូសល់តែតួ ហើយបាត់កង់ទាំង២ ធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលនោះ ព្រោះតែមិនធ្លាប់ជួបព្រឹត្តការណ៍បែបនេះ។ ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ថា រឿងនេះពិតជាបានកើតឡើងមែន តែរហូតដល់ម៉ោង២រសៀលទៅហើយ គេមិនឃើញមន្ត្រីប៉ុស្ដ៍រដ្ឋបាលផ្ដល់របាយការណ៍នៅឡើយទេ ។

លោកស្នងការបានបញ្ជាក់ថា បើតាមការសាកសួរបឋមអំពីបទល្មើសនេះ ទំនងផ្ដើមចេញពីរឿងគំនុំរវាងម្ចាស់ម៉ូតូ ជាមួយនឹងជនដៃដល់ ឬក៏អាចជនប្រព្រឹត្តជាជនញៀនថ្នាំ ។ ប៉ុន្តែយ៉ាងណា ពេលនេះលោកបានបញ្ជាឲ្យមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋានចុះធ្វើការស្រាវជ្រាវស្វែងរកជនរងគ្រោះហើយ ។

ដកស្រង់ពី៖កោះសន្តិភាព