បណ្តាញសង្គម

១ខែហើយ…អ្នកទោសហែកគុករត់​កំពុង​នៅ​ទី​ណា?

ខេត្តកណ្តាល៖ មជ្ឈដ្ឋានជាច្រើនកំពុងរង់ចាំមើលថា លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល មានសមត្ថភាពចាប់ជនត្រូវចោទ ដែលផ្លោះរបងពន្ធនាគាររត់គេចខ្លួននោះបានមកដាក់ពន្ធនាគារវិញដែរឬទេ?សូមរំលឹកថា អស់រយៈពេល១ខែមកហើយ ជនត្រូវចោទហែកគុកខេត្តកណ្តាលរត់គេចខ្លួន កាលពីថ្ងៃទី២៨ សីហា មកដល់ថ្ងៃទី០១ តុលា នៅមិនទាន់ចាប់បានមកវិញនៅឡើយទេ ។

មជ្ឈដ្ឋានជាច្រើន បានរិះគន់យ៉ាងខ្លាំងទៅលើប្រធានពន្ធនាគារខេត្តកណ្តាល ដែលធ្វើការធ្វេសប្រហែស ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវាទ បណ្តាលអោយជនត្រូវចោទម្នាក់ឡើងលើរបងពន្ធនាគារទាំងកណ្តាលថ្ងៃត្រង់ផ្លោះរត់គេចខ្លួនបាត់។

ជនត្រូវចោទដែលរត់គេចខ្លួននោះ មានឈ្មោះម៉ាន អីទ្រះ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើករថយន្ត កាលពីថ្ងៃទី២០ សីហា ឆ្នាំ២០១៩ ត្រូវបានលោក រស់ ផុនចាន់និមល ចៅក្រមសើបសួរសាលាដំបូងខេត្ត កណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធបណ្តោះអាសន្នពីបទ «អំពើរលួច»ដែលប្រព្រឹត្តនៅភូមិជ្រោយមេត្រីលើ ឃុំជ្រោយប្ញស្សី ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ២០១៩ តាមមាត្រា៣៥៣,៣៥៦ នៃក្រុមព្រហ្មទណ្ឌ។ពាក់ពន្ធ័និងជនត្រូវចោទដែលផ្លោះរបងពន្ធនាគាររត់គេចខ្លួនបាត់នោះ អ្នកសារព័ត៌មានទំនាក់ទំនងទៅលោក ចាត ស៊ីនាង ប្រធានពន្ធនាគារ លោកឆ្លើយថា «រវល់» ។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានប្រាប់អោយដឹងថា លោកបានចេញដីកាចាប់ខ្លួនជនត្រូវចោទនោះហើយ និងចោទបទល្មើសបន្ថែមទៀត ពីបទ«លួចរត់»តាមមាត្រា៥៦០,៥៦១នៃក្រមព្រហ្មទណ្ឌ។

ដកស្រង់ពី៖កោះសន្តិភាព