បណ្តាញសង្គម

ព្រះសេអារ្យមេត្រី ក្លែងក្លាយ ចូលខ្លួនសុំទោស រដ្ឋមន្រ្តីក្រសួងធម្មការ បន្ទាប់ពីសុំទោស អាជ្ញាធរ និងព្រះសង្ឃ ខេត្តកណ្តាល

ភ្នំពេញ៖ បុគ្គល ដែលតាំងខ្លួនឯង ជាព្រះសេអារ្យមេត្រី ធាន វុទ្ធី នៅម៉ោងប្រមាណជា ១០ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤នេះ បានចូលខ្លួន ទៅសុំទោស រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តម មិន ឃិន បន្ទាប់ពីខ្លួន បានប្រព្រឹត្តខុស ដែលឲ្យប៉ះពាល់ទៅដល់ ព្រះពុទ្ធសាសនា របស់រដ្ឋ ។

បន្ទាប់ពីអភិបាលខេត្តកណ្តាល ឯកឧត្តម ផៃ ប៊ុនឈឿន បានកោះហៅ លោក ធាន វុទ្ធី ដែលបានតាំងខ្លួន ឯងជាព្រះសេអារ្យមេត្រី មកឆ្លើយបំភ្លឺ ចំពោះរឿងដែលលោក បានប្រព្រឹត្តខុស នាពេលមកនោះ លោក បានសុំទោស អភិបាលខេត្តកណ្តាល និងសម្តេចសង្ឃនាយក អំ លឹមហេង នៅវត្តចំពុះក្អែក ។

នាពេលថ្មីៗនេះ មានព័ត៌មានរំជើបរំជួល ទាក់ទងទៅនឹង ការប្រព្រឹត្តមិនប្រក្រតី របស់បុគ្គល ធាន វុទ្ធី នៅវត្តទួលរាជា ស្ថិតនៅក្នុង ភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ដែលបានតាំងខ្លួនជា ព្រះពុទ្ធទី៥ ទ្រង់ព្រះនាម ព្រះសិរិអារ្យ មេតេយ្យា និងត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយនានា បានផ្សាយជាបន្ត បន្ទាប់ ធ្វើឲ្យមានការល្បីរន្ទឺ នៅទូទាំងប្រទេស ជាពិសេស ល្បីទៅដល់ប្រទេសថៃ ថែមទៀតផង ក្នុងនោះអាជ្ញាធរថៃ ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ នៅលើទឹកដីកម្ពុជា ក៏ដូចជាទឹកដីថៃ កុំជឿលើបុគ្គលរូបនេះ ៕