បណ្តាញសង្គម

នារី​រោងចក្រ​«​ខ្ញុំ​អត់​ដែល​ស្គាល់​មីង​ទេ ហេតុ​អី​បាន​មក​ចាប់ដៃ​ខ្ញុំ​បែប​នេះ?​»…​នាង​ស្រឡាំងកាំង

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មការិនីម្នាក់ ខណៈទៅផ្សាររកទិញសម្លៀកបំពាក់បានជួបក្រុមចោរទម្លាក់យោងមានគ្នា៤នាក់ ហើយត្រូវបានក្រុមចោរទាំងនោះប្រើល្បិចបោកដោយយកគ្រាប់កង់១កញ្ចប់ប្រគល់ឲ្យនាង រួចហើយបានដោះយកខ្សែ.កមាសរបស់នាងអស់ចំនួន៧ជី រួចបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់តែម្ដង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែតុលានេះ ដោយក្រុមជនសង្ស័យល្បួងនាំនាងយកមកតាំងពីផ្សារព្រៃទា មកដោះយកខ្សែ.កនៅត្រង់ចំណុចក្រោមស្ពានអាកាសថ្មើរជើងជិតផ្សារជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។កម្មការិនីម្នាក់នោះ ឈ្មោះ ធឹម សាម៉ីន អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិទួលវិហារ ឃុំស្វាយយារ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

សម្ភារៈបាត់បង់អស់ខ្សែកមាស៧ជី ជនសង្ស័យយកបានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ដោយនាងមានប្ដី និងមានកូន២នាក់ នៅក្នុងបន្ទុកគ្រួសារ ហើយនាងមកធ្វើជាកម្មការិនីរោងចក្រនៅភ្នំពេញ ចំណែកប្ដីធ្វើការនៅឯក្រុងបាវិត ខេត្តស្វាយរៀង ។នាងបាននិយាយប្រាប់នគរបាលថា នៅមុនពេលកើតហេតុនាងបានធ្វើដំណើរចាកចេញពីផ្ទះជួលទៅកាន់ផ្សារព្រៃទា ដើម្បីរកទិញខោអាវជជុះទុកគ្រាន់ស្លៀកពាក់ធ្វើការងារព្រមទាំងរកទិញពងទាធ្វើម្ហូបខ្លះផងដែរ ។

លុះពេលទៅដល់ខណៈពេលនាងកំពុងទិញពងទាស្រាប់តែមានស្ត្រីសង្ស័យម្នាក់ចូលទៅចាប់ដៃនាង និងបបួលឲ្យនាងជូនទៅទារលុយគេ ពេលនោះនាងមានភាពស្រឡាំងកាំងខ្លាំងណាស់ និងនិយាយទៅកាន់ស្ត្រីនោះថា «ខ្ញុំអត់ដែលស្គាល់មីងទេ ហេតុអីបានមកចាប់ដៃខ្ញុំបែបនេះ?» តែស្ត្រីខាងលើមិនឆ្លើយតបឡើយ ។ប្រភពដដែលបានបន្តថា ក្រោយមកស្ត្រីសង្ស័យបានសួរនាងថា «មានរើសបានថង់លុយអត់ ? មានគេជ្រុះបាត់» ពេលនោះនាងមិនទាន់បានឆ្លើយផងក៏ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ទៀតមកប្រាប់ថា «កុំមាត់ខ្លាចគេឮ ខ្ញុំរើសបានមាស១ថង់» ។

បន្ទាប់មកស្ត្រីដែលមកក្រោយនេះបានស្រាយមាត់ថង់ឲ្យនាងមើលឃើញសុទ្ធតែលុយ និងមាសក្រហមច្រាលពេញថង់ស្របពេលនោះក៏មានបុរស២នាក់ជិះម៉ូតូ២គ្រឿងទៅដល់ រួចហើយស្ត្រីសង្ស័យទាំង២នាក់ ក៏បាននាំនាងជិះម៉ូតូទៅកាន់ចំណុចក្រោមស្ពានអាកាសថ្មើរជើងផ្លូវជាតិលេខ៤ ជិតផ្សារជម្ពូវ័ន ដោយប្រាប់ថា យកទៅចែកគ្នានៅទីនោះ ។

ប្រភពខាងលើបានបន្តថា ពេលទៅដល់ស្ពានអាកាសថ្មើរជើងនោះពួកជនសង្ស័យបានប្រាប់ថា ឲ្យនាងយកមាស និងលុយ១ថង់នោះតែម្ដងទៅមិនបាច់ចាំយកទៅលក់ចែកគ្នានាំតែយូរម្ចាស់គេមកទាន់នោះទេ ។

ចំណែកពួកគេក៏សុំដោះយកខ្សែករបស់នាងជាថ្នូរជាមួយមាស និងលុយ១ថង់នោះ ហើយខណៈនោះដែរ នាងហាក់វង្វេងស្មារតី និងឈរតោងជញ្ជាំងស្ពានឲ្យជនទាំងនោះដោះយកខ្សែកតាមចិត្ត មិនបានគិតឃើញអ្វីនោះឡើយ ។

លុះក្រោយដោះយកខ្សែកនាងហើយ ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ចំណែកនាងស្រាយមាត់ថង់ពណ៌ក្រហមមើលម្ដងទៀតឃើញសុទ្ធតែគ្រាប់កង់ទើបដឹងថាចាញ់បោកចោរ ហើយអង្គុយយំដោយមិនដឹងខ្លួន ។

នគរបាលបានឲ្យដឹងថា ស្ត្រីរូបនេះត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញកំពុងអង្គុយយំនៅក្រោមស្ពានអាកាសថ្មើរជើងក៏បានដឹកយកមកប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ៣ ធ្វើការសួរនាំ និងស្រាវជ្រាវរកក្រុមចោរទម្លាក់យោងនេះ ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព