បណ្តាញសង្គម

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចុះទៅកាន់មន្ទីរពេទ្យ កេតុមាលា ក្រោយផ្ទុះរឿង ជួញដូរក្រលៀនមនុស្ស

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញចុះ ទៅកាន់មន្ទីរពេទ្យ កេតុមាលា ក្នុងបំណង ត្រួតពិនិត្យសាកសួរ បន្ទាប់ពីបែកធ្លាយថា មន្ទីរពេទ្យមួយនេះ ជាប់ពាក់ព័ន្ធនឹង ការជួញដូរ ក្រលៀនមនុស្ស។

*** ព័ត៌មានជួញដូរក្រលៀន ពាក់ព័ន្ធ លោក ផ្កាយ៣ លី សុវណ្ណ ហាក់ត្រូវបាន លាក់លៀមខ្លាំង

បន្ទាប់ពីចូលទៅកាន់ មន្ទីរពេទ្យមួយនេះ អស់ជាច្រើនម៉ោង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើដំណើរ ចេញពីមន្ទីរពេទ្យវិញ តែលទ្ធផលជុំវិញ ដំណើររបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ មិនមានការទម្លាយ និង បញ្ជាក់ឲ្យ បានដឹងនោះទេ។

សូមបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អញ្ជើញចុះទៅកាន់ មន្ទីរពេទ្យកេតុមាលានេះ បានធ្វើឡើងនៅ ក្រោយព័ត៌មានដ៏រសើប នៃការជួញដូរក្រលៀន មនុស្សមានការសង្ស័យថា ជាប់ពាក់ព័ន្ធនឹង មន្ទីរពេទ្យយោធាមួយ នេះ ជាពិសេសគឺ ប្រធានមន្ទីរពេទ្យ លោក ផ្កាយ៣ លី សុវណ្ណ។

បើតាមប្រភពពីសមត្ថកិច្ច បានលួចបង្ហើប ប្រាប់ឲ្យដឹងថា ការអញ្ជើញទៅកាន់ មន្ទីរពេទ្យកេតុមាលា គឺខណៈដែល វេជ្ជបណ្ឌិតជនជាតិចិន ម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួន យកទៅធ្វើការ វះកាត់ឡើងវិញ លើជនលក់ក្រលៀនម្នាក់ ដែលការវះកាត់ នាពេលកន្លង មកមិនទទួលបានជោគជ័យ បង្កឲ្យមាន ឈាមកកនៅក្នុងខ្លួន។

សមត្ថកិច្ច បានបន្តថា ការវះកាត់ជាថ្មី របស់វេជ្ជបណ្ឌិត ជនជាតិចិន ដែលត្រូវបានគេអះអាងថា មានជំនាញខាង វះកាត់ក្រលៀនេះ ទទួលបានជោគជ័យ។ ក្រោយពីវះកាត់ វេជ្ជបណ្ឌិត ជនជាតិចិនរូបនេះ ត្រូវបានកម្លាំងនគរបាល ប្រឆាំងការជួញដូរ និងការពាអនីតិជន នាំយកទៅ សួរនាំបន្តទៀត។

ពាក់ព័ន្ធនឹង ការជួញដូរក្រៀនមនុស្សនេះ កម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន ៥នាក់ជាបន្តបន្ទាប់។

កាលពីថ្ងៃទី០៩ ខែសីហា ម្សិលមិញនេះ កម្លាំងនគរបាល ក៏បានកោះហៅ លោកផ្កាយ៣ លី សុវណ្ណ ចូលទៅបំភ្លឺ លើករណីមួយនេះ។ ការសាកសួរ បានធ្វើឡើងតាំងពី ម៉ោងប្រមាណ ៥ល្ងាច រហូតដល់ម៉ោង ១១យប់ ទើបមាន ការអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញ ក្រោយពី មានការអន្តរាគមន៍ និងធានាពីមន្រ្តីជាន់ខ្ពស់ កងរាជអាវុធហត្ថ។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ លោក លី សុវណ្ណ ក៏ត្រូវបានសមត្ថកិច្ច នាំយកទៅសួរនាំ ជាថ្មីម្តងទៀតដែរ។

ព័ត៌មានក្រោយ ការសាកសួរ លោក លី សុវណ្ណ ហាក់ត្រូវបានរិតត្បិតជាខ្លាំង ពោលមិនមាន ព័ត៌មានណាមួយត្រូវ បានគេទម្លាយឲ្យ អ្នកព័ត៌មាន ដឹងនោះឡើយ។ ជាពិសេសសមត្ថកិច្ច ដែលពាក់ព័ន្ធហាក់មាន ការលាក់លៀមខ្លាំង ពេលក្រុមអ្នក ព័ត៌មានទូរស័ព្ទចូល សាកសួរពាក់ព័ន្ធរឿងនេះ គឺមិននិយាយអ្វីទាំងអស់ ក្រៅពីការសុំទោស ហើយ បិទទូរស័ព្ទតែម្តង។

ប្រភពព័ត៌មានជាច្រើន បានដាក់ការសង្ស័យថា មន្ទីរពេទ្យកេតុមាលា មានជាប់ពាក់ព័ន្ធ នឹងការវះកាត់ ក្រលៀនមនុស្ស ដើម្បីធ្វើការជួញដូរ ទៅក្រៅប្រទេស ហើយការវះកាត់នេះ ក៏ប្រហែលជាទទួលបាន ភ្លើងខៀវ ពី លោក ប្រធានមន្ទីរពេទ្យ លី សុវណ្ណ ផងដែរ។

ដំណឹង នៃការជួញដូរក្រលៀនមនុស្ស ត្រូវបានលេចឮ យ៉ាងរំជើបរំជួល តាមបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស ក្រុមអ្នកលេង បណ្តាញសង្គមមួយនេះ ក៏បានអំពាវនាវឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ លើសុវត្ថិភាពរបស់ កូនតូចៗ ឬ ការធ្វើដំណើរយប់ ព្រលប់ជាដើម ព្រោះខ្លាចមាន ក្រុមជនល្មើសចាប់យកទៅវះ ក្រលៀនធ្វើការជួញដូរ។

ជាមួយគ្នានេះ តាមបណ្តាញសង្គមមួយនេះ ក៏តែងបានបង្ហោះ ការបាត់ខ្លួនមនុស្សនានា ដែលការបាត់ខ្លួននេះ ត្រូវ បានគេដាក់ ការសង្ស័យថា ជាប់ពាក់ព័ន្ធនឹង ការជួញដូរក្រលៀន។

ពាក់ព័ន្ធការជួញដូរ ក្រលៀននេះដែរ កាលពីពេលកន្លងទៅថ្មី កម្លាំងនគរបាល បានចាប់ខ្លួនមនុស្សមួយចំនួន ដោយជាប់សង្ស័យ បានរត់ការនាំមនុស្ស យកទៅលក់ក្រលៀន នៅប្រទេសថៃ ទទួលបាន កម្រៃរហូតដល់ជាង ១ម៉ឺនដុល្លារ ឯណោះ។ ដោយឡែកសម្រាប់ ជនដែលបានបរិច្ចាគ ក្រលៀនរបស់ខ្លួននោះ ទទួលបានត្រឹមតែ ៣.០០០ដុល្លារ ទៅ៥.០០០ដុល្លារ ប៉ុណ្ណោះ៕

ដកស្រង់ពី៖ ដើមអម្ពិល

 

(រូបកាន់ដបទឹកសុទ្ធ) លោកផ្កាយ៣ លី សុវណ្ណ ពេលសមត្ថកិច្ចហៅទៅសួរនាំ