បណ្តាញសង្គម

ចេញពី​ក្លិប​វិញ​ធាក់​ម៉ូតូ​អត់​ឆេះ​បណ្តើរ បែរជា​ជួប​គ្រោះ​តាម​ផ្លូវ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល ខណៈជនរងគ្រោះទាំងពីរចេញពីក្លិបកម្សាន្តវិញធាក់ម៉ូតូអត់ឆេះ រួចក៏បណ្តើរបានជិត៥០ម៉ែត្រ ក៏ត្រូវយុវជន២នាក់ផ្សេងទៀតព្រួតវាយ រួចជនបង្កនាំគ្នារត់គេចខ្លួនបាត់អស់ កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅចំណុចទល់មុខរេនឌីស្កូក្លិប តាមផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

យុវជនរងគ្រោះទាំង២នាក់ខាងលើនោះ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្សុ៊យគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១L-៦៨៩០ ។

តាមសម្ដីយុវជនម្នាក់ដែលរងរបួសស្រាល បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង២នាក់បាននាំចូលផឹកស៊ី និងរាំកម្សាន្តក្នុងក្លិបខាងលើ លុះដល់ពេលចប់ម៉ោង ពួកគាត់ទាំងពីរនាក់បានចេញមកវិញ ក្នុងគោលបំណងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ តែពេលចេញមកវិញ ស្រាប់តែម៉ូតូរបស់ពួកគាត់ធាក់អត់ឆេះ រួចក៍បាននាំគ្នាបណ្តើរម៉ូតូចេញពីក្លិបបានជិត៥០ម៉ែត្រ ស្រាប់តែមានយុវជន២នាក់ផ្សេងទៀតបានដេញវាយពួកគាត់ ដោយមានកាន់ដុំថ្មនៅជាប់នឹងដៃវាយមកលើពួកគាត់ទាំង២នាក់ ទាំងមិនមានមូលហេតុ និងធ្វើឲ្យមិត្តភក្ដិរបស់គាត់ម្នាក់រងរបួសបែកមុខបែកមាត់សន្លប់ស្ដូកស្ដឹង ចំណែកគាត់រងរបួសស្រាល ហើយភ្លាមៗនោះដែរជនបង្កទាំងនោះក៏បាននាំគ្នារត់គេចខ្លួនបាត់អស់តែ

ម្ដង ។

បន្ទាប់ពីកើតហេតុ គេឃើញមានបងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមផ្លូវ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើត រួចហើយក៏បានទំនាក់ទំនងហៅរថយន្តសង្គ្រោះអោយមកដឹកជនរងគ្រោះទាំងពីរនាក់យកទៅសង្គ្រោះនៅគ្លីនិកឯកជន ។

 

ក្រោយពេលកើតហេតុ នៅសល់តែម៉ូតូរបស់ជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម រង់ចាំជនរងគ្រោះចេញពីមន្ទីរពេទ្យទៅដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកជនបង្កមកទទួល ខុសត្រូវក្នុងករណីនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព