បណ្តាញសង្គម

ល្បិច​បន្លំ​ខ្លួនភ្ជាប់​ GPS ​លួច​ឡាន ពេល​​នេះ​ចាប់​បាន​ហើយ ចាញ់​ក្រោម​ល្បិច​​​សមត្ថកិច្ច

 

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសមួយគ្រឿង ត្រូវបានចោរបន្លំខ្លួនជាជាងមកតភ្ជាប់ប្រព័ន្ធ GPS ឆ្លៀតឱកាសម្ចាស់ភ្លេចខ្លួន ក៏លួចឡើងបើករថយន្តរត់គេចទៅបាត់ស្រមោលកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយត្រូវបានម្ចាស់ប្តឹងប៉ូលិសខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍នោះ ស្រាប់តែនៅម៉ោង១រសៀលថ្ងៃទី២០ ខែមករា រថយន្តខាងលើនេះត្រូវបាននគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយសមត្ថកិច្ចក៏ដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន ។

សេចក្តីរាយការណ៍បន្តថា ក្រោយពេលដកហូតរថយន្តខាងលើទៅរក្សាទុកហើយ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួ ម៉េងវ៉ាង អធិការខណ្ឌ បានដាក់កម្លាំងចាំឃ្លាំមើល រហូតដល់ម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ ខែមករានេះ ក៏លេចមុខជនសង្ស័យមកមើលរថយន្ត ហើយក៏ត្រូវនគរបាលឃាត់ចាប់ខ្លួនបានតែម្តង ។

សេចក្តីរាយការណ៍បន្តថា រថយន្ដដែលចោរលួចនោះ ម៉ាកឡិចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6695 មានម្ចាស់ឈ្មោះ សាញ់ ចិន្តា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកើតហេតុខាងលើ ចំណែកកូនស្រីជាអ្នកបើប្រាស់រថយន្តខាងលើ ឈ្មោះ សន ស៊ីវហុង អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ។

ចំណែកជនសង្ស័យជាចោរលួចរថយន្តឈ្មោះ ខន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។តាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចាស់ចោរលួចរថយន្ត ខណៈកាលពីបម្រើការងារជាជាង GPS នៅក្រុមហ៊ុនមួយ ជនសង្ស័យនេះបានលួចរថយន្តឡិចស៊ីសRX300 របស់អតិថិជនម្តងរួចមកហើយ តែត្រូវម្ចាស់រកឃើញវិញ ហើយជនសង្ស័យរត់គេចខ្លួនបាត់កាលពីអំឡុងឆ្នាំ២០១៩។ ក្រោយមកខាងក្រុមហ៊ុនក៏ប្រកាសលែងទទួលស្គាល់បុគ្គលិករូបនេះដែរ ។

សមត្ថកិច្ចបន្តថា ក្រោយមកសមត្ថកិច្ចក៏បានតាមស្វែងរកចាប់ខ្លួនជនសង្ស័យរូបនេះ ស្រាប់លើកនេះ ជនសង្ស័យបន្លំខ្លួនមកធ្វើការងារឱ្យក្រុមហ៊ុនថ្មី រួចធ្វើសកម្មភាពលួចរថយន្តឡិចស៊ីស 200t មួយគ្រឿងខាងលើ កាលពីថ្ងៃទី១៨ ខែមករា រួចគេចខ្លួនបាត់ទៀត ។

លុះនៅរសៀលថ្ងៃទី២០ ខែមករា រថយន្តខាងលើត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិត្រពាំងស្វាយ ដែលជនសង្ស័យយកមកដើម្បីប្តូរពណ៌ ក៏ត្រូវសមត្ថកិច្ចដកហូតរថយន្តយកទៅរក្សាទុក រីឯកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួរ ម៉េងវ៉ាង ដាក់កម្លាំងឃ្លាំមើលរង់ចាំនៅទីតាំងយានដ្ឋាននោះ រហូតដល់ម៉ោង៩និង៣០នាទីយប់ ក៏លេចមុខជនសង្ស័យមកដល់ ក៏ចាប់ឃាត់ខ្លួនប្រគល់ជូនលោកអធិការខណ្ឌពោធិសែនជ័យ ជាម្ចាស់ករណីចោរលួចរថយន្ត ដើម្បីយកជនសង្ស័យទៅបន្តនីតិវិធី ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់ថា ពេលលួចរថយន្តបានហើយ ក៏បើកចេញតាមរង្វង់មូលចោមចៅ ហើយយករថយន្តនោះទៅលាក់ទុកនៅផ្ទះរបស់ប្រពន្ធនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្រោយមកដោះស្លាកលេខចេញ លាក់ទុកក្រោមកៅអីនៅរសៀលថ្ងៃទី២០ ខែមករានេះ រួចក៏បើករថយន្តទៅឲ្យជាងប្តូរពណ៌ខ្មៅ នៅយានដ្ឋានខាងលើ លុះដល់យប់ថ្ងៃដដែលនោះ ខ្លួនក៏ទៅមើលរថយន្ត ស្រាប់តែត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ខ្លួនបានតែម្តង ។

គួររំលឹកថា ៖ ហៅឲ្យទៅពិនិត្យមើលប្រព័ន្ធ GPS ដូចហៅឲ្យទៅលួចរថយន្ត

ដកស្រង់ពី៖កោះសន្តិភាព