បណ្តាញសង្គម

កណ្តាប់​​ដៃ​​ដែក​​ចេញ​​បង្ក្រាប​​ជន​សង្ស័យ​​ប្លន់​១​សម្បុក

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាចោរប្លន់មួយក្រុម ដែលតែងតែធ្វើសកម្មភាពប្លន់ម៉ូតូតាមដងផ្លូវនានា បានត្រូវនគរបាលព្រហ្មទណ្ឌសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីថ្ងៃទី២៣ ខែមករា វេលាម៉ោងប្រហែល៥និង៣០នាទី នៅផ្លូវលំក្នុងភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្ដុង្គ ។

ការបកស្បែកក្រុមចោរនេះគឺបន្ទាប់ពីមានសកម្មភាពប្លន់ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងបានការបំភ្លឺពីជនរងគ្រោះផង ដែលមុខសញ្ញាប្លន់ជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់ បានស្ទាក់ប្លន់យកម៉ូតូពីឈ្មោះ លុយ លី ភេទប្រុស អាយុ៥០ឆ្នាំ នៅក្នុងភូមិ-ឃុំខាងលើ ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់លោក វុី សំណាង អភិបាលខេត្តនិងស្នងការនគរបាលខេត្ត ការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងស្រុកឧដុង្គ និងខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាប្លន់ទាំងនេះបានជាបន្តបន្ទាប់ ។ ជនសង្ស័យជាចោរប្លន់ដែលត្រូវបានបង្ក្រាបនៅថៃ្ងដំបូងមាន៥នាក់ ៖

១-ឈ្មោះ ស៊ុន សុវណ្ណារ៉ា ហៅឃីម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង
២-ឈ្មោះ សេង សុភក្តិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
៣-ឈ្មោះ សុង វ៉ាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគន្ថំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
៤-ឈ្មោះ សុខ សំជុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង ៥-ឈ្មោះ ម៉ាន់ ហៃ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់
ត្រឡាច ខេត្តកំពង់ឆ្នាំង ។ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន៤គ្រឿង ដាវ១ដើម ទូរស័ព្ទដៃ៣គ្រឿង និងម្សៅក្រាមសង្ស័យជាគ្រឿងញៀន៣កញ្ចប់ ។ ក្នុងចំណោមម៉ូតូទាំង៤គ្រឿងនេះមាន ហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ២គ្រឿង ម៉ាកហ្សូ៊ម័រអុិច ពណ៌លឿង ១គ្រឿង និងម៉ាកនិច ពណ៌ស ១គ្រឿង ។

លុះនៅថ្ងៃបន្ទាប់ សមត្ថកិច្ចបង្ក្រាបជនសង្ស័យបានចំនួន៦នាក់ទៀតមាន ៖

១-ឈ្មោះ ម៉ាត់ គ្រីម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
២-ឈ្មោះ វ៉ាត វ៉ូ ហៅធុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខ្មែរថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
៣-ឈ្មោះ អុឹម ផល្លី ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិតាំងក្រង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
៤-ឈ្មោះ ម៉ាច ភក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
៥-ឈ្មោះ ម៉ាំ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខ្មែរថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង៦-ឈ្មោះ ថា ពៅ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំឈូកស ស្រុកកំពង់ត្រឡាច ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ ។

 

ជាមួយនឹងការចាប់ឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ម៉ូតូ២គ្រឿងក្នុងនោះម៉ាកនិច ពណ៌ខ្មៅ ១គ្រឿង និងហុងដា សេ១២៥ ឆ្នាំ២០១៩ ពណ៌ខ្មៅ ១គ្រឿង ដែលជនឈ្មោះ វ៉ាត វ៉ូ ឈ្មោះអុឹម ផល្លី ឈ្មោះម៉ាច ភក្ត្រា និងឈ្មោះ ម៉ាំ រស្មី រួមគ្នាធ្វេីសកម្មភាពដោយស្ទាក់វាយជនរងគ្រោះប្លន់យកកាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងទៀតថា សរុបជនសង្ស័យត្រូវបានឃាត់ខ្លួនមានចំនួន១១នាក់ ក្នុងនោះមានមេខ្លោងម្នាក់ និងអ្នកសមគំនិតផងដែរ។ ចំណែកម៉ូតូទាំង៦គ្រឿងដែលដកហូត បានរកឃើញម្ចាស់ចំនួន៣នាក់មកដាក់ពាក្យបណ្តឹង ។

សូមរំឭកថា យុទ្ធនាការបង្ក្រាបក្រុមជនសង្គមងងឹតដែលតែងតែធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូតាមក្រុង-ស្រុកកន្លងមក គឺជាយុទ្ធនាការលើកទី២ហើយ បន្ទាប់ពីយុទ្ធនាការលើកទី១ ធ្វើឡើងកាលពីចុងឆ្នាំ២០១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង ។

ក្រោយពីចាប់ខ្លួន មុខសញ្ញាប្លន់ទាំង១១នាក់
ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ហើយ យ៉ាងណាក៏បានធូរស្បើយចោរប្លន់មិនខាន ៕

ដកស្រង់ពី៖កោះសន្តិភាព