បណ្តាញសង្គម

មនុស្ស​២​នាក់​ដេក​ក្នុង​រថយន្ត​ហើយ នៅ​​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​បាន​ទៀត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ២នាក់បានលួចគាស់កញ្ចក់រថយន្តសម្រាប់លក់១គ្រឿងដែលគេចតនៅមុខឃ្លាំងលក់រថយន្តយីហោ« ចាន់ ភឿន» ខណៈដែលមានកម្មករ២នាក់ដេកក្នុងរថយន្តនោះ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី3 ខណ្ឌទួលគោក។

បន្ទាប់ពីបានសម្រេចហើយ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន តែក៏ត្រូវប្រជាពលរដ្ឋជួយជិះដេញតាម និងស្ទាក់ចាប់បាននៅក្បែរខារ៉ាអូខេ «ឌឺម៉ូន» តាមបណ្ដោយផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពី ម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះតែម្តង។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះ ១- ឈ្មោះ ឥដ្ឋ រិទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និង២-ឈ្មោះ ណាង់ ស៊ីដារ៉ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនសង្ស័យទាំង2នាក់ជិះម៉ូតូ១គ្រឿងម៉ាកស្មាសរីវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AA-4663 មកឈប់នៅក្បែរនឹងឃ្លាំងលក់រថយន្តខាងលើ បន្ទាប់មកជនសង្ស័យម្នាក់ក៏ចុះពីលើម៉ូតូ រួចដើរទៅលួចគាស់កញ្ចក់រថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ស គ្មានស្លាកលេខ ដែលឈប់ចតចោលនៅខាងមុខឃ្លាំងលក់រថយន្តខាងលើបានសម្រេចដោយសុវត្ថិភាព។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ជនសង្ស័យទាំង២នាក់បាននាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ ខណៈពេលនោះក៏មានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជួយជិះដេញតាមពីក្រោយ និងស្រែកឆោឡោតែម្តង។ប្រភពដដែលបន្តទៀតថា នៅពេលនោះជនសង្ស័យទាំងពីរនាក់ក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួនទាំងភ័យស្លន់ស្លោ។

លុះពេលជនសង្ស័យជិះរហូតដល់ក្បែរនឹងខារ៉ាអូខេ ឌឺម៉ូន តាមបណ្ដោយផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏ស្រាប់តែជិះទៅបុកនឹងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដួលម៉ូតូទៅលែងមុខរួច ក៏ត្រូវប្រជាពលរដ្ឋចាប់ក្របួចបាន និងដកហូតបានកញ្ចក់រថយន្តចំនួន២តែម្តង ។

បើតាមសម្តីពីបុរសម្នាក់ដែលធ្វើការនៅក្នុងឃ្លាំងលក់រថយន្តខាងលើបានប្រាប់ឲ្យដឹងថា រថយន្តខាងលើ គឺជារថយន្តសម្រាប់ដាក់លក់ ហើយមុនពេលកើតហេតុ នៅខាងក្នុងឃ្លាំងមានរថយន្តដាក់លក់ជាច្រើនគ្រឿងធ្វើឲ្យចង្អៀត ទើបពួកគាត់សម្រេចចិត្តចតរថយន្តខាងលើនៅខាងមុខឃ្លាំង និងឲ្យកម្មករចំនួន២នាក់សំរាកយាមនៅខាងក្នុងរថយន្ត។

តែដោយសារកម្មករដែលដេកយាមរថយន្តអស់កម្លាំងខ្លាំងពេក ទើបដេកដោយមិនដឹងថា មានចោរមកធ្វើសកម្មភាពលួចគាស់កញ្ចក់រថយន្តយ៉ាងដូច្នេះទេ។ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ រួមជាមួយនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព