បណ្តាញសង្គម

មន្ត្រី​យោធា​ម្នាក់​​ជួបគ្រោះថ្នាក់ ដោយ​ដើរ​ជាន់​​​មីន​លាន់កក្រើកដី

ខេត្តព្រះវិហារ ៖ មន្ត្រីយោធាម្នាក់ឈ្មោះជិត ហាត់ ឋានន្តរស័ក្ដិព្រិន្ទបាលឯក ជាមេក្រុមកងអនុសេនាធំ ទី៣ ក្នុងអង្គភាពវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨បានបាត់បង់ជីវិតភ្លាមៗ ដោយសារជាន់គ្រាប់មីនសល់ពីសម័យសង្គ្រាម ខណៈពេលកំពុងបំពេញការងារចុះល្បាតតាមភូមិសាស្ត្រខ្សែត្រៀមជួរមុខ បណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងទិសទី១ប្រាសាទព្រះវិហារ កើតឡើងកាលពីវេលាម៉ោង ១២ និង១០នាទីថ្ងៃទី១៤ កុម្ភៈ ក្នុងភូមិសាស្ត្រភ្នំ៣៩៨ ខាងត្បូងអន្លង់រាំងជើងភ្នំ៥០០ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកអនុសេនីយ៍ទោ សុឹម ស៊ុន មេបញ្ជាការកងអនុសេនាតូច២ កងអនុសេនាធំបានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកបានដឹកនាំកម្លាំង៤នាក់ ដោយសហការជាមួយកម្លាំងនគរបាលអង្គភាពវរសេនាតូចលេខ១០៥ ចេញល្បាតតាមចំណុចខ្សែត្រៀមជួរមុខកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ភ្នំ៣៩៨ ។

លុះត្រឡប់មកវិញ ជិតដល់ទីតាំងជនរងគ្រោះសុំដើរកាត់មកកាន់កន្លែងមុន ក្រោយពីធ្វើដំណើរចេញពីផ្លូវល្បាតបានប្រវែង៥០ម៉ែត្រ ជនរងគ្រោះក៏បានជាន់លើគ្រាប់មីនចាស់ ដែលសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះបាត់បង់ជីវិតនៅនិងកន្លែងតែម្តង ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានអង្គភាពដឹកនាំយកមករៀបចំធ្វើបុណ្យ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសព ទៅតាមប្រពៃណី នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕

ដកស្រង់ពី៖កោះសន្តិភាព