បណ្តាញសង្គម

ឧក្រិដ្ឋជន​ចិននេះ ក្របួច​ក្នុង​សណ្ឋាគារ​«​ហា​យ​​ហៀ​ង​មីង​ជូ​»​សង្កាត់​បឹង​កេងកង​១

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៦ មេសា បានចាប់បញ្ជូនជនជាតិចិន៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលជនសង្ស័យ៣នាក់រងការចោទប្រកាន់ក្នុងករណីចាប់ជនជាតិចិនដូចគ្នាគំរាមជម្រិត ។

ជនសង្ស័យ១-ឈ្មោះ ZHAO-JIANMING ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅម្ដុំក្រោយក្រសួង ការពារជាតិ ២-ឈ្មោះ XIAO-ZEAN ភេទប្រុស អាយុ៣២ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរមិនពិតប្រាកដ និង៣-ឈ្មោះ HU FENGWEN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួលលេខ១៥ ផ្លូវជាតិលេខ៣ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររកសុីរ៉ែមាស ។ ចំណែកជនរងគ្រោះ ឈ្មោះ Lin Wei xian ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅសណ្ឋាគារហាយលៀងមីងជូ ផ្ទះលេខ៨ ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបង្ហើបទៀតថា កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១២ មេសា ជនសង្ស័យចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចក្នុងបន្ទប់លេខ៩២ ជាន់ទី៩នៃសណ្ឋាគារ «ហាយហៀង មីងជូ» ស្ថិតក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពចាប់មនុស្សដាក់ក្នុងរថយន្ដ ដើម្បីយកទៅបង្ខាំងទុកជម្រិតទារប្រាក់ ។ ក្នុងនោះសមត្តកិច្ចក៏បានរំដោះជនរងគ្រោះ ។

វត្ថុតាងដកហូតរួមមាន ៖ ១-រថយន្ដចំនួនមួយគ្រឿងម៉ាក HILUX REVO ពណ៌ស្ករ ( របស់បក្សពួកជនសង្ស័យរត់គេចខ្លួន) ។ ២-ទូរស័ព្ទដៃចំនួនគ្រឿងម៉ាក iPhone 6 ពណ៌ ទឹកមាស ។ ៣-ប្រាក់ចំនួន៣២៦ដុល្លារអាមេរិក ។ ៤-បណ្ណ័ពត៌មាន ( CTN TV) ។ ៥-ដំបងឆក់២ ។

៦-គ្រាប់កាំភ្លើង១គ្រាប់ ។ ៧- បណ្ណ័សម្គាល់រថយន្ដ១គ្រឿង ។ ៨-កាតធានាគារ១ក្បាល (ATM – ABA BANK)។ ៩-ខ្នោះដៃ២ ។ ១០-ក្រណាត់ពណ៌ខ្មៅ៤ (សម្រាប់គ្របមុខ) និងមានវត្ថុងមួយចំនួនទៀត ជារបស់ជនរងគ្រោះត្រូវបានប្រគល់ឲ្យម្ចាស់វិញផងដែរ ។

យោងទៅលើបទល្មើសជាក់ស្តែង តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព