បណ្តាញសង្គម

មន្រ្តី​យោធា​សក្តិ​៥​វាយប្រហារ​ប្រពន្ធ​ក្នុង​​ឡាន​រួច​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​

ខេត្តកណ្តាល ៖ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា មន្ត្រីយោធាសក្តិ៥ម្នាក់ដោយសារតែបញ្ហាភ្លើងប្រច័ណ្ឌបានបើកបាញ់ប្រពន្ធក្នុងរថយន្ត បណ្តាលអោយស្ត្រីរងគ្រោះបាត់បង់ជីវិតភ្លាមៗក្នុងរថយន្តនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានរត់គេចខ្លួន ។

យ៉ាងណាមិញ ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនដៃដល់ជាប្តី នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅស្រុកស្អាង ខេត្តកណ្តាល ។សមត្ថកិច្ចលួចបង្ហើបប្រាប់ថា មន្ត្រីយោធារូបនេះឈ្មោះ គឹម សារី អាយុ៥៨ឆ្នាំ ជាជំនួយការលោក មុំ លីមឿន អគ្គលេខាធិការក្រសួងការពារជាតិ រស់នៅខេត្តបាត់ដំបង ។

ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។ យោងតាមបញ្ជាក់ពីសាក្សីដែលឃើញហេតុការណ៍បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ដោយការមានការជជែកគ្នាយ៉ាងតឹងសរសៃក ដែលអាចកើតចេញពីរឿងប្រច័ណ្ឌនោះបានប្រតាយប្រតប់ជាមួយប្រពន្ធ ទើបធ្វើឲ្យប៉ះកាំភ្លើងដែលបញ្ចូលគ្រាប់រួច និងបណ្តាលឱ្យផ្ទុះត្រូវស្ត្រីរងគ្រោះជាប្រពន្ធបាត់បង់ជីវិតតែម្តង។

ក្រោយឃើញប្រពន្ធបាត់បង់ជីវិតបែបនោះ ទើបមន្ត្រីយោធារូបនេះបានដឹកសពប្រពន្ធពីភ្នំពេញ មកកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រួចហើយបានទូរស័ព្ទប្រាប់សមត្ថកិច្ច អោយមកឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចខេត្តកណ្តាលប្រគល់ទៅអោយសមត្ថកិច្ចខណ្ឌមានជ័យ ចាត់ការតាមនីតិវិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព