បណ្តាញសង្គម

​ប្រជាពលរដ្ឋ​​​ព្រួយ​បារ​ម្ភ​ពី​អនាគត​កូនចៅ ​ខណៈ​បទល្មើសដដែលៗ​អុក​ឡុកមូលដ្ឋាន​

ខេត្តព្រៃវែង ៖ លោក សន ឈឿន មេឃុំច្រេស បានឱ្យដឹងថា បច្ចុប្បន្នទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោកកំពុងមានការព្រួយបារម្ភខ្លាំងណាស់ ចំពោះបញ្ហាគ្រឿងញៀន ព្រោះក្រុមជនល្មើសបានលួចចែកចាយរហូតដល់តាមភូមិទៅហើយ ទាំងដែលសមត្ថកិច្ចខំប្រឹងបង្ក្រាប និងចាប់យ៉ាងណាក៏មិនអស់។

លោកមេឃុំបានបន្តថា ករណីថ្នាំញៀននៅក្នុងឃុំច្រេសនេះ មិនមែនអាជ្ញាធរ និងសមត្ថកិច្ចមិនយកចិត្តទុកដាក់បង្ក្រាបទេ គឺចាប់បញ្ជូនទៅតុលាការច្រើនករណី ទាំងថ្នាំញៀន និងជនល្មើស ប៉ុន្តែពេលបញ្ជូនទៅដល់តុលាការហើយ មិនបានប៉ុន្មានផង ជនល្មើសទាំងនោះក៏ត្រូវបានដោះលែងមកវិញ ហើយវិលមកធ្វើសកម្មភាពជួញដូរថ្នាំញៀននៅក្នុងមូលដ្ឋានវិញដដែល។

លោក សន ឈឿន បានបញ្ជាក់ថា ជាក់ស្តែងករណីមេជួញដូរថ្នាំញៀនដ៏សកម្មម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀតឈ្មោះ សឿង លាង ត្រូវបានសមត្ថកិច្ចស្រុកនិងខេត្តចាប់បានចំនួន៤ដងហើយ ប៉ុន្តែរាល់លើកក្រោយពីបញ្ជូនទៅដល់តុលាការខេត្តព្រៃវែង មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែត្រូវបានដោះលែងមកវិញដដែលៗ ហើយមកដល់ថ្ងៃទី៣ ឧសភា កន្លងទៅនេះ ឈ្មោះ សឿង លាង នេះត្រូវបានសមត្ថកិច្ចចាប់បានជាលើកទី៥ហើយ ក្នុងករណីជួញដូរថ្នាំញៀនដដែលៗ ហើយពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការជាលើកទី៥ផងដែរ។ដោយឡែក ប្រជាពលរដ្ឋនៅក្នុងឃុំច្រេស ស្រុកមេសាង បានអោយដឹងដែរថា សព្វថ្ងៃនេះពួកគាត់ពិបាកចិត្តខ្លាំងណាស់ ព្រោះបារម្ភពីសុវត្ថិភាពក្រុមគ្រួសារផង និងភ័យខ្លាចកូនចៅត្រូវជនខិលខូចអូសទាញអោយជក់ថ្នាំញៀនផងដែរ ។

ពេលឃើញសមត្ថកិច្ចចាប់បានពួកជួញដូរថ្នាំញៀនម្តងៗ ពួកគាត់សប្បាយចិត្តខ្លាំងណាស់ ព្រោះគិតថា សមត្ថកិច្ចចាប់អស់ទៅ នឹងលែងមានវត្តមានថ្នាំញៀន នៅក្នុងភូមិស្រុករបស់ពួកគាត់ទៀតហើយ ប៉ុន្តែមិនដូចការគិតទេ ព្រោះជនល្មើសទាំងនោះ ត្រូវចាប់ខ្លួនបញ្ជូនទៅខេត្តមិនបានប៉ុន្មានផង ស្រាប់តែឃើញមុខត្រឡប់មកវិញដដែលៗ មិនដឹងមកពីមូលហេតុអ្វី? តាមប្រភពដដែលបានបន្តថា ចំណែកជនល្មើសឈ្មោះ សឿង លាង ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ឧសភា នោះ គឺជាមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្មនៅក្នុងឃុំច្រេស និងធ្លាប់ត្រូវបានចាប់ខ្លួនចំនួន៤ដងរួចមកហើយ ដូច្នេះនៅលើកទី៥នេះ ពួកគាត់សូមសំណូមពរទៅលោកតុលាការ មេត្តាឃុំខ្លួនជននេះអោយបានយូរ កុំលែងមកវិញអី ដើម្បីអោយភូមិឃុំរបស់ពួកគាត់បានសុខផង។

ពាក់ពន្ធ័នឹងការចាប់ខ្លួនជនសង្ស័យខាងលើនេះដែរ លោក នៅ ហាច អធិការនគរបាលស្រុកមេសាង បានអោយដឹងនៅរសៀលថ្ងៃទី៤ ឧសភាថា ជនសង្ស័យ សឿង លាង រួមជាមួយនឹងស្ត្រីជាសង្សាម្នាក់ទៀត កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣ ឧសភា នៅក្នុងផ្ទះសំណាក់យីហោ មេន សុឃុន ខណៈពេលដែលរូបគេនិងស្ត្រីជាសង្សារកំពុងធ្វើសកម្មភាពវិចខ្ចប់ថ្នាំញៀន និងដកហូតបានថ្នាំញៀន១កញ្ចប់ធំ។

លោកអធិការបានបញ្ជាក់ថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យ សឿង លាង រួមជាមួយសង្សានេះ គឺកំលាំងរបស់លោកចាប់បានជនសង្ស័យម្នាក់ នៅភូមិបឹង និងដកហូតបានថ្នាំញៀន១កញ្ចប់។ ក្រោយត្រូវចាប់ខ្លួន ជនសង្ស័យម្នាក់នោះបានឆ្លើយសារភាពថា ថ្នាំញៀន១កញ្ចប់នោះ គឺខ្លួនបានទិញពីឈ្មោះ សឿង លាង ទើបសមត្ថកិច្ចអនុវត្តនិតិវិធី រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅក្នុងផ្ទះសំណាក់តែម្តង ហើយបច្ចុប្បន្ននេះ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការបន្តហើយ៕

ដកស្រង់ពី៖កោះសន្តិភាព