បណ្តាញសង្គម

កម្ពុជា​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​ថ្មី ឲ្យ​វៀតណាម​រុះរើ​តង់​ទាំង​៣១​កន្លែង ចេញពី​តំបន់​ស ជា​បន្ទាន់!

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០២ មិថុនា ២០២០នេះ កម្ពុជាបានធ្វើកំណត់ទូតតវ៉ាសារជាថ្មីទៀត ទៅភាគីវៀតណាម ឲ្យរុះរើតង់ទាំង៣១កន្លែង ឲ្យបានឆាប់ចេញពីតំបន់មិនទាន់ឯកភាពគ្នា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ប្រទេសកម្ពុជា ជាប់ខេត្តអានយ៉ាង ប្រទេសវៀតណាម ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ឧសភា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើកំណត់ទូតតវ៉ា ឲ្យភាគីវៀតណាមរុះរើតង់ចំនួន៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា ក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាង នៃប្រទេសវៀតណាម រួចមកហើយ ។

ជាការឆ្លើយតប ក្រសួងការបរទេសវៀតណាម ក៏បានធ្វើកំណត់ទូត កាលពីថ្ងៃទី២៨ ឧសភា ដោយអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន លើតំបន់ព្រំដែនរវាងប្រទេសទាំងពីរនេះទេ ។

អាជ្ញាធរវៀតណាមបានសន្យាថា នឹងធ្វើការរុះរើតង់ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ ចេញពីតំបន់នោះ ។ទោះបីមានការឆ្លើយតបយ៉ាងនេះក្តី នៅថ្ងៃទី០១ មិថុនា ម្សិលមិញនេះ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានអញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មកជួបពិភាក្សា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែ ក្នុងតំបន់នោះ រហូតដល់គណៈកម្មាធិការព្រំដែន នៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែបន្ទាត់ព្រំដែនជាស្ថាពរ នៅតំបន់នោះ ។

សូមរម្លឹកដែរថា ស្នងការខេត្តកណ្ដាលបញ្ជាឲ្យវៀតណាម រុះរើតង់៩កន្លែង ចេញពីតំបន់ស វិញជាបន្ទាន់ កាលពីព្រឹកថ្ងៃទី២៦ មេសា ២០២០ លោកស្នងការដ្ឋានខេត្តកណ្ដាល ឈឿន សុចិត្ត បានដឹកនាំកម្លាំងចុះពិនិត្យតាមបណ្ដោយព្រំដែនផ្ទាល់ឃើញមានទាហានវៀតណាម បានចូលមកក្នុងតំបន់ស សាងសង់តង់បណ្ដោះអាសន្ន និងតង់ចងជាអង្រឹង សរុបចំនួន៣១កន្លែង ក្រោមហេតុផលថា ជាការទប់ស្កាត់កូវីដ-១៩ ៕

ដកស្រង់ពី៖កោះសន្តិភាព