បណ្តាញសង្គម

នគរបាល​ប៉ុស្តិ៍​តា​លន់ ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​១កន្លែង អ្នកលេង​ល្បែង​គេចខ្លួន​អស់

រាជធានីកណ្តាល ៖ នៅព្រឹកថ្ងៃទី២១ មិថុនា ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) នៅចំណុចចំការល្មុតមិនស្គាល់ម្ចាស់ ស្ថិតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រតិបត្តិការខាងលើមិនបានឃាត់ខ្លួនអ្នកលេងទេ ដោយសារពេលកម្លាំងទៅដល់ពួកគេប្រមាណ១០នាក់បានរត់ចែកផ្លូវគ្នាបាត់អស់ បន្សល់នូវវត្ថុតាងមួយចំនួនរួមមាន ៖ ១.មាន់ឈ្មោល០១ក្បាល ២.កន្ត្រកសំរាប់ដាក់មាន់ ០២ ៣.ជញ្ជីងសំរាប់ថ្លឹងមាន់០១គ្រឿង ៤.ស្កុតសំរាប់រំតក្នាយមាន់ ១៦ដុំ ៥.ធុងប៉េត្រូល ០១ ៦.កណ្តៀវ០១ ៧.ស្បែកជើង១០គូរ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅទីតាំងខាងលើមានបើកសង្វៀនជល់មាន់ ចំងាយប្រមាណ៦០០ម៉ែត្រពីផ្លូវជាតិចូលតាមមាត់ព្រែក កម្លាំងប៉ុស្តិ៍តាលន់ ក៏បានចុះទៅដល់កន្លែងកើតហេតុ តែដោយទើបភ្លៀងរួច ផ្លូវមានសភាពរអិល ធ្វើឲ្យក្រុមអ្នកលេងឃើញ ក៏នាំគ្នារត់គេចខ្លួនអស់គ្មានសល់ បន្សល់ទុកនូវវត្ថុតាង ដកហូតខាងលើនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព