បណ្តាញសង្គម

ខ្លាំង​បាត់! មន្ត្រីនគរបាល​ណែនាំកុំឱ្យ​រំខានអ្នកភូមិ ​បែរ​ជា​ផ្ទុះកំហឹង​​ចូលកាប់ដល់ក្នុងផ្ទះ​

ខេត្តប៉ៃលិន ៖ មន្ត្រីនគរបាលម្នាក់ រងរបួសចំក្បាល ថ្ងាស ចង្ការ និងដៃ ហូរឈាមជោកខ្លួន ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីឃើញយុវជនម្នាក់ផឹកស្រាស្រវឹងស្រែកឡូឡានៅពេលយប់ រំខានដល់អ្នកភូមិ លុះនិយាយណែនាំ ស្រាប់តែយុវជនម្នាក់នោះទាញកាំបិតប៉័ងតោចូលទៅកាប់ប្រហារដល់ក្នុងផ្ទះ រងរបួសតែម្តង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អាត់ សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ចំណែកជនរងគ្រោះ ឈ្មោះ ហិន វ៉ាន់ណេត ភេទប្រុស អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាល រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ ។តាមប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនសង្ស័យបានផឹកស្រាជួបជុំមិត្តភក្តិតាំងពីល្ងាចរហូតដល់ពេលយប់ លុះស្រវឹងជោកជាំ ហើយក៏ជិះម៉ូតូស្រែកឡូឡាពេញភូមិ ដោយជិះចុះជិះឡើងៗ រំខានដល់អ្នកដទៃរស់នៅក្បែរៗនោះ ។

ពេលនោះជនរងគ្រោះជាមន្ត្រីនគរបាលដែលឃើញសភាពមិនស្រួល ក៏បានប្រដៅណែនាំភ្លាមៗ ដើម្បីកុំឱ្យរំខានដល់អ្នកដទៃកំពុងដេក ស្រាប់តែជនសង្ស័យខឹងក៏ចូលទៅទាញយកកាំបិតបុ័ងតោចំនួន២ដើម ចូលកាប់ប្រហារជនរងគ្រោះក្នុងផ្ទះ បណ្តាលឱ្យចំក្បាល ថ្ងាស ចង្ការ និងដៃ រងរបួសហូរឈាមស្រោចខ្លួនតែម្តង ។ ក្រោយពេលកើតហេតុ ជនងរងគ្រោះត្រូវបានគេបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ រីឯជនសង្ស័យ ត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅស្នាក់ការប្រជាការពារភូមិផ្សារព្រំជើង ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តឱ្យចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព