បណ្តាញសង្គម

ខឹង​វាយ​មនុស្ស​មិន​បាន វាយ​ម៉ូតូ​វិញ​ត្រូវ​នគរបាល​ឃាត់ខ្លួន

ខេត្តកណ្តាល ៖ អំពើហិង្សាមួយបានកើតឡើង និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលវាយបំផ្លិច បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០នាទីល្ងាច នៅចំណុចភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ស៊ឹម សុផល ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើផ្ទះ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ជឺន រិទ្ធី ហៅកៀន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលស្រុកពញាឮបានឲ្យដឹងថា កន្លងមកជនរងគ្រោះឈ្មោះ ស៊ឹម សុផល ភេទប្រុស និងជនសង្ស័យឈ្មោះ ជឺន រិទ្ធី ភេទប្រុស ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយគ្នា រឿងជនសង្ស័យឈ្មោះ ជឺន រិទ្ធី ខឹង និងចោទមកលើជនរងគ្រោះឈ្មោះ ស៊ឹម សុផល ធ្វើជាជាង សំណង់ ដែលឪពុកបង្កើតរបស់ជនសង្ស័យបានជួលមកធ្វើផ្ទះឲ្យជនសង្ស័យរស់នៅថា ធ្វើមិនទាន់រួច រាល់។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កណ្តាល 1AG-9743 ទៅធ្វើផ្ទះឲ្យឈ្មោះ ធា ភេទស្រី អាយុ៤០ឆ្នាំ ដោយបានចតម៉ូតូរបស់ខ្លួនទុកនៅក្នុងរបងមុខផ្ទះរបស់ឈ្មោះ ធា នៅចំណុចកើតហេតុខាងលើ ហើយជនរងគ្រោះ បានទៅធ្វើការជាធម្មតា។

ចំណែកជនសង្ស័យ បានត្រឡប់មកពីផឹកស៊ីវិញ មកដល់ផ្ទះរបស់ខ្លួនក្នុងពេលនោះ ជនសង្ស័យឃើញម៉ូតូរបស់ ជនរងគ្រោះចតទុកនៅមុខផ្ទះរបស់ឈ្មោះ ធា ដែលជាប់របងព្រំដីគ្នា ខណៈពេលនោះជនសង្ស័យ បានទាញកាំបិតផ្គាក់ ដងដែកពីផ្ទះរបស់ខ្លួន ទៅកាប់ម៉ូតូរបស់ជនរងគ្រោះ ចំស្តុបម៉ូតូខាងក្រោយ បណ្តាលឲ្យបែក និងកាប់ចំនួន០១កាំបិតទៀត ចំក្បាលម៉ូតូ បណ្តាលឲ្យបែកជ័រក្បាលម៉ូតូ និងកុងទ័រ ស្របពេលនោះដែរ ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ម៉ម សារួន អាយុ២៨ឆ្នាំ បានចូលទៅសួរនាំ ភ្លាមនោះជនសង្ស័យបានកាន់កាំបិតដើរសំដៅបម្រុងកាប់ទៅលើឈ្មោះ ម៉ម សារួន តែត្រូវបានរត់គេចទាន់ រួចហើយជនសង្ស័យបានដើរចូលទៅក្នុងផ្ទះរបស់ខ្លួនបាត់ទៅ។

ក្រោយមក ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮ អំពីហេតុការណ៍ខាងលើ ក្រោយពីទទួលបានពាក្យបណ្តឹងរួចកម្លាំងប៉ុស្តិ៍បានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព